ក្រុមប្រជាពលរដ្ឋជាង ១០នាក់ នៅថ្ងៃសុក្រនេះ បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបានយកញតិ្តទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីទាមទារឲ្យតុលាការដោះលែង និងលើកលែងការចោទប្រកាន់សាច់ញាតិរបស់ពួកគេ ដែលជាអតីតមន្ត្រីគណបក្សប្រឆាំងចំនួន ១៤ នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារក្នុងទីក្រុងភ្នំពេញ។
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយទាំង ១៤ នាក់ នោះ ត្រូវបានចាប់ឃុំខ្លួនដោយសារការអត្ថាធិប្បាយ និងចែករំលែកព័ត៌មាននានាពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចប្រទេស និងវិបត្តិជំងឺឆ្លងកូវីដ១៩ និងករណីគម្រោងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិវិលត្រឡប់ចូលប្រទេសវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយឡែកអតីតមន្ត្រីគណបក្សប្រឆាំងថ្នាក់ស្រុកម្នាក់ នៅខេត្តស្វាយរៀង ត្រូវបានដោះលែងក្រោយការចាប់ខ្លួនក្នុងករណីស្រដៀងគ្នានឹងអតីតមន្ត្រីគណបក្សប្រឆាំងទាំង ១៤ នាក់ ក៏ប៉ុន្តែ អតីតអនុប្រធានប្រតិបត្តិស្រុករមាសហែក គណបក្សសង្គ្រោះជាតិរូបនោះ ត្រូវបានដោះលែង ដោយសារមានជំងឺធ្ងន់ធ្ងរ។
អ្នកស្រីសុខ បូលីម៉ា អាយុ៥០ឆ្នាំ ជាភរិយាលោកឃឹម ភាណា អាយុ៥៤ឆ្នាំ អតីតចៅសង្កាត់ផ្សារដេប៉ូIII ក្នុងខ័ណ្ឌទួលគោក មកតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី សុខ បូលីម៉ា អាយុ៥០ឆ្នាំ ជាភរិយាលោក ឃឹម ភាណា អាយុ៥៤ឆ្នាំ អតីតចៅសង្កាត់ផ្សារដេប៉ូIII ក្នុងខណ្ឌទួលគោក ប្រាប់ VOA នៅមុខសាលាដំបូងរាជធានីភ្នំពេញថា ស្វាមីរបស់គាត់ត្រូវបានចាប់ខ្លួន ក្រោយស្វាមីរបស់គាត់បានចែករំលែកព័ត៌មាន និងការអត្ថាធិប្បាយមួយចំនួនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ អ្នកស្រីមិនអាចចាំបានខ្លឹមសារនៃព័ត៌មាន និងសេចក្តីអត្ថាធិប្បាយនោះទេ។ ប៉ុន្តែអ្នកស្រីនិយាយថា តុលាការចោទស្វាមីអ្នកស្រីថា បានប្រព្រឹត្តអំពើញុះញង់។
«Share [ចែករំលែក] ព័ត៌មានតៗគ្នា ដល់អ៊ីចឹងគេយកកំហុសហ្នឹងមកចាប់យើងហ្មង។ គេថា យើងញុះញង់បំពុលសង្គមអីទៅណា៎! ដល់អ៊ីចឹង ខ្ញុំជាប្រពន្ធមិនអាចទទួលយកបានទេ ទង្វើអយុត្តិធម៌ចំពោះពួកគាត់ ១៥ នាក់ហ្នឹង ព្រមទាំងប្តីខ្ញុំទៀត ក៏ខ្ញុំមិនអាចទទួលបានដែរ។ សុំឲ្យតុលាការដោះលែងគាត់»។
ក្រុមអ្នកតវ៉ាផ្សេងទៀតបានសម្តែងមតិស្រដៀងគ្នានឹងការអត្ថាធិប្បាយរបស់អ្នកស្រី សុខ បូលីម៉ា ដែរ។ ពួកគេនិយាយថា សាច់ញាតិរបស់ពួកគេដែលកំពុងជាប់ឃុំនោះ សុទ្ធតែមានបញ្ហាសុខភាពរៀងៗខ្លួន។
លោក ធន់ ធានិត្យ អាយុ២៤ឆ្នាំ កូនប្រុសរបស់លោក ស៊ុន ធន់ អតីតមន្ត្រីក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិ និយាយថា ឪពុករបស់គាត់ត្រូវបានចាប់ខ្លួន នៅដើមខែមិថុនានេះ ក្រោមការចោទប្រកាន់ពីអាជ្ញាធរថា បានទទួលបញ្ជាពីក្រៅប្រទេសធ្វើវិទ្ធង្សនាសេដ្ឋកិច្ច ដើម្បីបំផ្លាញប្រព័ន្ធធនាគារ។
លោក ធន់ ធានិត្យ អាយុ២៤ឆ្នាំ កូនប្រុសរបស់លោក ស៊ុន ធន់ អតីតមន្ត្រីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ និយាយជាមួយវីអូអេ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
លោកបន្ថែមថា ឪពុករបស់លោកមិនបានធ្វើដូច្នេះទេ។ ឪពុកលោកគ្រាន់តែបំពេញការងារជាគ្រូបង្រៀនកម្រិតអនុវិទ្យាល័យម្នាក់ប៉ុណ្ណោះ នៅក្នុងខេត្តកំពង់ធំ។
អាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនអតីតមន្ត្រីគណបក្សប្រឆាំងទាំង ១៥ នាក់ ដោយមាននិងគ្មានដីកាចាប់ខ្លួនក្រោមហេតុផលថា ពួកគេបាននិយាយផ្ទុយពីការណ៍ពិតទាក់ទងនឹងការខូចខាតសេដ្ឋកិច្ច ឬការមិនត្រូវសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅក្នុងពេលមានការរាតត្បាតជំងឺឆ្លងកូវីដ១៩ ដែលកំពុងបង្កឲ្យមានការបាត់បង់ការងារ និងប្រាក់ចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋ និងទាក់ទងនឹងគម្រោងរបស់លោក សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
អតីតមន្ត្រីគណបក្សប្រឆាំងទាំង ១៥ នាក់នោះត្រូវបានចោទពីបទរួមគំនិតក្បត់ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់មិនឲ្យយោធាស្តាប់បង្គាប់។
លោក យី សុខសាន្ត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកថាករណីឃុំខ្លួនអតីតមន្ត្រីគណបក្សប្រឆាំងទាំង ១៥ នេះ មានចរិតនយោបាយ។
«អ៊ីចឹងហើយបានគាត់សុខចិត្តដាក់ញត្តិដើរទាមទារធ្វើគេហៅថាបាតុកម្មដោយអហិង្សា ដើម្បីឲ្យទម្លាក់ចោលការចោទប្រកាន់ ដោះលែងឲ្យឪពុកគាត់ ក៏ដូចជាប្តីគាត់ ឲ្យមកមានសេរីភាពជួបជុំគ្រួសារវិញ»។
ក្នុងញត្តិដែលបានដាក់ជូនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ក្រុមសាច់ញាតិរបស់អតីតសមាជិកគណបក្សប្រឆាំង បានចាត់ទុកថា ការចាប់ខ្លួនសាច់ញាតិរបស់ពួកគេជាអំពើអយុត្តិធម៌។ ពួកគេរៀបរាប់ថា ការឃុំខ្លួនសាច់ញាតិរបស់ពួកគេដែលជាឪពុក និងស្វាមី បានបង្កការលំបាកទាំងហិរញ្ញវត្ថុ និងស្មារតី។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា អង្គការអន្តរជាតិនានាគ្រាន់តែអាចប្រាប់ពីរឿងក្តីក្តាំរបស់អតីតមន្ត្រីគណបក្សប្រឆាំង ប៉ុន្តែអង្គការទាំងនោះមិនអាចចង្អុលប្រាប់តុលាការឲ្យធ្វើការសម្រេចចិត្តបែបនេះ ឬបែបនោះបានទេ។ លោកថា ក្រុមអតីតមន្ត្រីគណបក្សប្រឆាំងទាំងនេះបានធ្វើសកម្មភាពតាមការបញ្ជាពីក្រៅប្រទេសរបស់ក្រុមមេដឹកនាំគណបក្សប្រឆាំងឲ្យបង្កភាពចលាចល។
«មានតែទៅតវ៉ាជាមួយនឹងមេដឹកនាំរបស់គាត់ ដើម្បីឲ្យផ្តល់ជំនួយផ្នែកច្បាប់មេធាវី ដើម្បីការពារពួកគាត់ឲ្យរួចផុតពីការចោទប្រកាន់ទេ ព្រោះអីពួកគាត់ធ្វើតាមការញុះញង់ការរៀបចំរបស់មេកើយហ្នឹង»។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេ តាមសារអ៊ីម៉េលថា លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ បានទទួលញត្តិរបស់សាច់ញាតិមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។ លោក Pradeep Wagle បាននិយាយថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាដោះលែងអ្នកជាប់ឃុំដោយអន្លើ ទៅតាមស្ថានភាពនៃការងាយរងគ្រោះក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩។
អង្គការឃ្លាំមើលសិទ្ធិអន្តរជាតិ (Human Rights Watch) បានកត់ត្រាទុកថា ចាប់តាំងពីខែមករាមកដល់ខែមិថុនានេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្ស ១៥ នាក់ ដោយផ្អែកលើការចោទប្រកាន់ជាលក្ខណៈមួលបង្កាច់ខាងនយោបាយ។ អង្គការនេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្រ្កាបរបស់ខ្លួនទៅក្រុមគណបក្សប្រឆាំង ដែលធ្វើឡើងចាប់តាំងពីមុនការផ្ទុះជំងឺឆ្លងកូវីដ១៩៕