អ្នកជំនាញខាងសុចរិតភាពនិងតម្លាភាពនៅកម្ពុជា លើកឡើងថា ប្រទេសកម្ពុជា គួរតែមានច្បាប់ ហាមប្រាមមិនឲ្យសមាជិកក្រុមគ្រួសាររបស់មន្ត្រីនៅក្នុងស្ថាប័នរដ្ឋ ធ្វើការងារក្នុងស្ថាប័នតែមួយ ក្នុងតួនាទីដែលអាចបង្កឲ្យមានទំនាស់ផលប្រយោជន៍ និងឈានទៅដល់អប្រសិទ្ធភាព និងអប្រសិទ្ធផលការងារ។
Your browser doesn’t support HTML5
Hello VOA៖ អ្នកជំនាញថា កម្ពុជា គួរតែបង្កើតច្បាប់ ហាមមិនឲ្យមានគ្រួសារនិងបក្ខពួកនិយមក្នុងស្ថាប័នរដ្ឋ
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងបែបនេះ នៅក្នុងកម្មវិធី«Hello VOA» នៅថ្ងៃព្រហស្បតិ៍ទី១២ ខែឧសភា៖
«នៅប្រទេសជឿនលឿនជាច្រើនដូចជានៅប្រេស៊ីល អាមេរិក អង់គ្លេស ជាពិសេសនៅប្រទេសជាច្រើននៅអ៊ឺរ៉ុប គឺគេមានច្បាប់ហ្នឹង។ អញ្ចឹង ខ្ញុំគិតថា មានច្បាប់ ដើម្បីធ្វើយ៉ាងម៉េចឲ្យមេដឹកនាំស្ថាប័នទាំងអស់ហ្នឹងនាំសមាជិកក្រុមគ្រួសាររបស់ខ្លួនមកធ្វើការជាមួយបាន ព្រោះមានច្បាប់ហាមហើយ។ អញ្ចឹង មានច្បាប់គឺជាការប្រសើរបំផុត»។
ការថ្លែងបែបនេះ កើតឡើងក្រោយពីមានការតែងតាំងកូនប្រុសពីរនាក់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីៗនេះ ជាឧបការីឬជំនួយការក្នុងស្ថាប័ន ដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះ។
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា នៅក្នុងបន្ទប់ផ្សាយរបស់ VOA នៅរាជធានីភ្នំពេញ ក្នុងពេលដែលលោកចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រសហ្បតិ៍ទី ១២ ខែឧសភា ឆ្នាំ ២០១៦។
លោក ប៉ិច ពិសី បញ្ជាក់ថា រហូតមកដល់ពេលនេះ ការយកសមាជិកក្រុមគ្រួសាររបស់មន្ត្រីឬថ្នាក់ដឹកនាំអង្គភាពរដ្ឋ ឲ្យចូលធ្វើការក្នុងស្ថាប័នតែមួយ មិនមែនជាទង្វើខុសច្បាប់ទេ ដោយសារតែនៅកម្ពុជា ពុំទាន់មានច្បាប់ណាមួយ ហាមប្រាមទង្វើបែបនេះនៅឡើយ។
ប៉ុន្តែ លោកថា ទង្វើដែលគេតែងហៅថាគ្រួសារនិយមនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីនិងបុគ្គលិកផ្សេងទៀតក្នុងស្ថាប័ន ដែលធ្វើការដោយផ្អែកលើសមត្ថភាពពិតប្រាកដ ជាជាងលើសែស្រឡាយឬញាតិបក្សរបស់ខ្លួន។
«វាខុសពីវិស័យឯកជន ដែលគេអាចតែងតាំងប្អូនឬកូនចៅគេធ្វើការបាន ដោយសារតែគេទុកចិត្តហើយបើគេគិតថា អ្នកហ្នឹងមានសមត្ថភាព ប៉ុន្តែ ស្ថាប័នរដ្ឋជាស្ថាប័នដែលបម្រើរាស្ត្រ អញ្ចឹង ការធ្វើបែបនេះ អាចធ្វើឲ្យបាត់បង់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ»។
ដូច្នេះ លោក ប៉ិច ពិសី ពន្យល់ថា ការមានច្បាប់ ហាមប្រាមមន្ត្រីរដ្ឋ មិនឲ្យនាំយកសមាជិកក្រុមគ្រួសារមកធ្វើការជាមួយក្នុងស្ថាប័នរដ្ឋនេះ គឺជាអ្វីមួយដែលកម្ពុជា ត្រូវការជាចាំបាច់។
«កាលណាយើង មានច្បាប់ហ្នឹងហើយ គឺប្រសិនជាមាន មន្ត្រីមានអំណាចផ្សេងៗ ដែលគាត់យកសាច់ញាតិមក យើងអាចយោងទៅលើច្បាប់ហ្នឹង ដើម្បីហាមគាត់មិនឲ្យធ្វើ។ ហើយខ្ញុំគិតថា បើសិនជាមានច្បាប់ហ្នឹង ប្រហែលជាថ្នាក់ដឹកនាំផ្សេងៗនៅក្នុងស្ថាប័នរដ្ឋហ្នឹង អាចមានការពិចារណាក្នុងការ មិនយកគ្រួសារមកធ្វើការទេ ព្រោះវាខុសច្បាប់»។
លោកបន្ថែមថា ស្ថាប័នដឹកនាំរដ្ឋទាំងបីគឺស្ថាប័ននីតិបញ្ញត្តិ ប្រតិបត្តិនិងតុលាការ គួរតែចាប់ផ្តើមធ្វើជាគំរូ ក្នុងការយ៉ាងហោចណាស់ ចែងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដែលហាមមិនឲ្យយកគ្រួសារនិងបក្ខពួកនិយមមកធ្វើការជាមួយ ដើម្បីកុំឲ្យមានទំនាស់ផលប្រយោជន៍ និងធ្វើឲ្យប្រសិទ្ធភាពនិងប្រសិទ្ធផលការងារក្នុងស្ថាប័នទាំងនេះ ចុះខ្សោយ៕