លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរដែលសហរដ្ឋអាមេរិកគាំទ្រក្នុងអំឡុងទសវត្សរ៍១៩៧០កំពុងតែស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Long Beach Memorial ក្នុងទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋ California តាំងពីថ្ងៃទី១៣ ខែឧសភា។
អតីតរដ្ឋមន្ត្រីដែលមានវ័យ៨២ឆ្នាំរូបនេះកំពុងប្រឈមនឹងជំងឺបេះដូង រលាកតម្រងនោម និងលើសឈាម។ នេះបើតាមអ្នកស្រី ស៊ុម សារុន ជាភរិយារបស់លោកដែលបានបញ្ជាក់ប្រាប់វីអូអេ។
អតីតរដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលបានចូលរួមចំណែកជួយដល់សមាជិកសហគមន៍ខ្មែរជាច្រើនដែលបានរត់ភៀសខ្លួនមកនៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សរ៍១៩៨០។
លោក ឆាំង សុង ពាក់អាវទាហានឈរខាងឆ្វេងដៃ លោក អំ រ៉ុង អ្នកនាំពាក្យរបស់លោកលន់ នល់ នៅសន្និសីទសារព័ត៌មានមួយសម័យសាធារណរដ្ឋខ្មែរ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា/បណ្តុំឯកសារ លន់ នល់)
សន្និសីទសារព័ត៌មានជាមួយអ្នកនាំពាក្យរបស់លោកលន់ នល់ គឺលោក អំ រ៉ុង ក្នុងឆ្នាំ១៩៧០។ ជំនួយការរបស់គាត់គឺលោក ឆាំង សុង ឈរនៅខាងស្តាំដោយមានសញ្ញាសម្គាល់នៅលើដៃអាវខាងឆ្វេង ដែលក្រោយមកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាននៃសាធារណរដ្ឋខ្មែរ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា/បណ្តុំឯកសារ លន់ នល់)
មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ឆាំង សុង កើតនៅថ្ងៃទី៥ ខែឧសភា ឆាំ្ន១៩៣៩។ លោកគឺជាកូនរបស់តាម៉ក់យាយផូ និងជាកូនសិស្សសាលាវត្តព្រៃល្វាខេត្តតាកែវ ដែលរៀនពូកែ និងទទួលបានអាហារូបករណ៍មករៀននៅសហរដ្ឋអាមេរិកផ្នែកកសិកម្មនៅសាកលវិទ្យាល័យរដ្ឋ Louisiana។ លោកក៏បានចេះដឹងជ្រៅជ្រះពីអក្សរសាស្ត្របារាំងដោយសារលោកបានសិក្សាមុនពេលលោកត្រឡប់ពីសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាវិញនៅចុងទសវត្សរ៍១៩៦០។
ក្រោយពីលោក ឆាំង សុង បានទៅដល់ប្រទេសកម្ពុជា សង្គ្រាមវៀតណាមកាន់តែរីកធំ ហៀរចូលប្រទេសកំណើតរបស់លោកក្រោយពីមានឃាតកម្មសម្លាប់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិកJohn F Kenndy នៅថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ នៅក្រុង Dallas រដ្ឋ Texas នៅសហរដ្ឋអាមេរិក និងក្រោមរដ្ឋបាលលោកអតីតប្រធានាធិបតី Lyndon Johnson និងលោកអតីតប្រធានាធិបតី Richard Nixon។ ក្រុមវៀតកុងដែលជាកងទ័ពវៀតណាមខាងជើងបានបង្កើតផ្លូវលំហូជីមិញក្នុងប្រទេសកម្ពុជា និងតាមសេចក្តីរាយការណ៍នានាគឺដោយសារមានការបើកដៃពីរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុ ដើម្បីដឹកអាវុធទៅវាយប្រហារកងទ័ពវៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកដែលនាំឲ្យមានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើផ្នែកភាគខាងកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាមខាងត្បូង។
ក្រោយការទម្លាក់សម្តេចនរោត្តម សីហនុចេញពីតំណែងប្រមុខរដ្ឋតាមរយៈរដ្ឋប្រហារ ក្រុមយោធាបានបង្កើតរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ និងមានការគាំទ្រពីសហរដ្ឋអាមេរិក។
និស្សិតដែលបានមកសិក្សានៅសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលថ្មីចាប់អារម្មណ៍និងទុកចិត្ត។ ជាពិសេសលោក ឆាំង សុង បានក្លាយជាមនុស្សជំនិតរបស់លោកប្រធានាធិបតី លន់ នល់ និងបានក្លាយជារដ្ឋមន្ត្រីក្រសួងឃោសនាការរបស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៤ រហូតដល់ចុងខែមីនា ឆ្នាំ១៩៧៥។ នៅពេលនោះលោក ឆាំង សុងបានក្លាយជាលេខាព័ត៌មានផ្ទាល់របស់លោក លន់ នល់។
នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ លោក ឆាំង សុង បានចាកចេញពីប្រទេសកម្ពុជាជាមួយលោក លន់ នល់ គឺ១៦ថ្ងៃមុនពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នេះបើតាមលោក វ៉ាន់ ស អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិរបស់រដ្ឋាភិបាលលោក ឡុង បូរ៉េត ដែលបានឡើងកាន់អំណាចរយៈពេលពីរសប្តាហ៍ចុងក្រោយ។
ដោយមានតួនាទីជាអតីតរដ្ឋមន្ត្រីឃោសនាការ និងជាអ្នកនាំពាក្យនៃរបបសាធារណរដ្ឋខ្មែរលោក ឆាំង សុង ដែលកាលណោះអាយុ៣៥ឆ្នាំបានក្លាយជាសាក្សីរស់អំពីព្រឹត្តិការណ៍នៅមុន និងនៅពេលរបបខ្មែរក្រហមដ៏ប្រល័យចូលកាន់អំណាច។ បើទោះជារបបដែលលោកបម្រើការបានចាញ់សង្គ្រាមខ្មែរក្រហមក៏ដោយក៏លោកនៅតែរកវិធីជួយសង្គ្រោះពលរដ្ឋខ្មែរដោយបានបង្កើតអង្គការក្រៅរដ្ឋាភិបាលឈ្មោះខេមរៈសង្គ្រោះ (Save Cambodia Inc) នៅទីក្រុង Arlington រដ្ឋ Virginia ជួយជនភៀសខ្លួនខ្មែរក្នុងការតាំងលំនៅនៅសហរដ្ឋអាមេរិក។ លោកបានចូលសញ្ជាតិអាមេរិកាំងនៅឆ្នាំ១៩៨៧។
លោក ឆាំង សុង អតីតសមាជិកគណៈរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ មុនពេលធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះអ្នកជំងឺកម្រិតធ្ងន់។ (រូបថតដោយបណ្តាញសង្គម Chhang Song)
អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) បានធ្វើការជាមួយលោក Bob Dole អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក និងលោក Stephen Solarz អតីតសមាជិករដ្ឋសភាសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក សិទ្ធិ ប៊ួវ៉ាត់ បុគ្គលិកសង្គមកិច្ចនៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។
លោកបានឲ្យដឹងថា៖ «គាត់ដើរជុំវិញសហរដ្ឋ។ អង្គការមួយហ្នឹងទាក់ទងនឹងការអប់រំជនភៀសខ្លួនខ្មែរឲ្យចេះបើកអង្គការក្រៅរដ្ឋាភិបាលដើម្បីសុំលុយរដ្ឋតាមច្បាប់ដើម្បីឆ្លៀតឱកាសសុំលុយរដ្ឋយកមកប្រើប្រាស់ក្នុងសហគមន៍ខ្មែរមួយៗក្នុងសហរដ្ឋហ្នឹង។ សម័យនោះជនភៀសខ្លួនពិបាកអូន។ ជនភៀសខ្លួនខ្មែរមានការលំបាកជាខ្លាំងទីមួយគឺភាសា។ ជនភៀសខ្លួនខ្មែរភាគច្រើនសល់ពីស្លាប់»។
លោក សិទ្ធិ ប៊ួវ៉ាត់ បន្តថា អ្នកសល់ពីស្លាប់សម័យប៉ុលពតមិនសូវមានការចេះដឹងទេ ព្រោះខ្មែរក្រហមបានសម្លាប់បញ្ញវន្ត។
នៅចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៩១ បណ្តាញព័ត៌មាននានានិងទូរទស្សន៍បានចាប់អារម្មណ៍នឹងការងាររបស់អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) ហើយក៏បានសម្ភាសលោក ឆាំង សុង អំពីព្រឹត្តិការណ៍សង្គ្រាមចុងក្រោយរវាងខ្មែរក្រហមនិងរបបសាធារណរដ្ឋខ្មែរផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Ronald Reagan នៅឆ្នាំ១៩៨៣បានលើកឡើងថា អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) របស់លោក ឆាំង សុង គួរតែបានមេដាយប្រធានាធិបតី។ នេះបើតាម Columbus Free Press និង Scoop Independence News។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាប្អូនជីដូនមួយរបស់លោក ឆាំង សុង បានប្រាប់វីអូអេតាមអ៊ីមែលកាលពីថ្ងៃអាទិត្យថា៖ «អង្គការខេមរៈសង្គ្រោះ (Save Cambodia Inc.) ឆ្លុះបញ្ចាំងពីមូលហេតុដែលប្រជាជនកម្ពុជាភៀសខ្លួនចេញពីប្រទេសគឺមិនត្រឹមតែដោយសារសង្គ្រាមប៉ុណ្ណោះទេគឺថែមទាំងមានអំពើប្រល័យពូជសាសន៍ផងដែរ»។
លោក ឆាំង សុង បានវិលត្រឡប់ទៅប្រទេសកម្ពុជានៅឆ្នាំ១៩៨៩ មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក្រោយមកនៅអំឡុងទសវត្សរ៍១៩៩០ លោកបានក្លាយជាទីប្រឹក្សាលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។ ជាអតីតនិស្សិតសេរីនិយមរៀននៅសហរដ្ឋអាមេរិក លោកបានក្លាយជាសមាជិកព្រឹទ្ធសភាមួយរយៈខ្លីរបស់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ១៩៩៩។
បទពិសោធន៍លោក ឆាំង សុង ជារដ្ឋមន្ត្រីឃោសនាការនិងជាអ្នកនាំពាក្យនៃរដ្ឋាភិបាលសេរីនិយមបានធ្វើឲ្យលោកស្និទ្ធនឹងអ្នកសារព័ត៌មានជំនាន់ក្រោយ។
លោក ឆាំង សុង (ឆ្វេង) អតីតរដ្ឋមន្ត្រីព័ត៌មានសម័យសាធារណរដ្ឋខ្មែរ ឈរក្បែរលោក Carl Robinson អតីតអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មាន AP នៅក្នុងពិធីសម្ពោធស្តូបរំឭកវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់ក្នុងសង្គ្រាមនៅកម្ពុជានៅរាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១០។
លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យផ្នែកសារព័ត៌មានបានមានប្រសាសន៍ថា លោក ឆាំង សុង ជាគំរូនៃវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានជំនាន់ក្រោយ។ លោកបានចូលរួមផ្តួចផ្តើមគំនិតធ្វើស្តូបអនុស្សាវរីយ៍អ្នកសារព័ត៌មានជើងចាស់ដែលបាត់ខ្លួនឬស្លាប់។
លោក មឿន ឈានណារិទ្ធ បានថ្លែងថា៖«ខ្ញុំឃើញថាលោកបានបង្ហាញសកម្មភាពក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មានដ៏ស្វាហាប់បំផុតដែលលោកបានឆ្លើយតបចំពោះសំណួរគ្រប់បែបយ៉ាងរបស់អ្នកសារព័ត៌មានដោយគ្មានការរើសអើងនោះឡើយ»។
មិត្តភក្តិរបស់លោក ឆាំង សុង គឺលោក Carl Robison អ្នកយកព័តមានជើងចាស់របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅក្រុងព្រៃនគរដែលត្រូវបានបញ្ជូនទៅយកព័ត៌មាននៅភ្នំពេញម្តងម្កាលមុនថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានសរសេរសារតាម Facebook Messenger មកវីអូអេដោយកោតសរសើរលោក ឆាំង សុង ដែលបានសម្រេចក្នុងការជួបជុំអ្នកកាសែតជើងចាស់នៅឆ្នាំ២០១០ ហើយនឹងមានទំនាក់ទំនងល្អជាមួយអ្នកកាសែតក្រោយសម័យខ្មែរក្រហម។
នៅពេលថ្មីៗនេះព័ត៌មានភាន់ច្រឡំអំពីមរណភាពរបស់លោក ឆាំង សុង បានទាក់ទាញចំណាប់អារម្មណ៍និងសាររំលែកទុក្ខជាច្រើនពីមិត្តភក្តិនិងអតីតសហការី។ នេះបើតាមសារបង្ហោះតាមហ្វេសប៊ុកជាពិសេសសាររបស់មិត្តភក្តិក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។
អ្នកស្រី ស៊ុម សារុន អាយុ៦៤ឆ្នាំបានរស់នៅនិងថែទាំលោក ឆាំង សុង រយៈពេល១៣ឆ្នាំហើយប៉ុន្តែមិនបានរៀបការទេ។
អ្នកស្រីបានរៀបរាប់ពីស្មារតីជាតិនិយមរបស់លោក ឆាំង សុង ថា៖ «គាត់ស្រឡាញ់ខ្ញុំ។គាត់ស្រឡាញ់ជាតិ។ តែគាត់មិនចោលទេជាតិ។ គាត់សុខចិត្តចោលខ្ញុំ។ ខ្ញុំមិនមែនថា ចង់ឲ្យគាត់ចោលជាតិទេ។ គាត់ថា ជាតិគាត់ធ្វើមួយជីវិតរបស់គាត់។ គាត់ស្រឡាញ់តែជាតិមួយទេ។ តែលុយកាក់គ្មានផងអូន! ដីមួយបង្គីក៏អត់មានផង។ ហើយខ្ញុំមិនមែនស្រឡាញ់គាត់ដោយទ្រព្យរបស់គាត់ទេណា៎អូន។ ខ្ញុំស្រឡាញ់គាត់ដោយស្មោះដោយឃើញគាត់ឈឺ។ កូនចៅអត់មានទាក់ទងគាត់ បងប្អូនអត់ទាក់ទងដោយសារគេខឹងគាត់ ដោយសារគាត់មិនជួយគេ។ គាត់ជួយតែជាតិណា៎អូន»។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលត្រូវជាប្អូនជីដូនមួយរបស់លោក ឆាំង សុង មានប្រសាសន៍ថា៖ «មេរៀនលំបាកមួយដែលយើងរៀនពីបទពិសោធន៍នៃជីវិតរបស់គាត់បង្ហាញអំពើក្បត់ជួយឲ្យអ្នករស់គ្រប់កាលៈទេសៈ ប៉ុន្តែរស់ទាំងគ្មានព្រលឹង»។
ភរិយាលោក ឆាំង សុង ឲ្យដឹងថា លោកបានសរសេរអំពីប្រវត្តិសាស្ត្រកម្ពុជាដែលលោកដឹងរហូតដល់ពេលលោកឈឺត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីពេលថ្មីៗនេះ។
អ្នកស្រីបង្ហើបឲ្យដឹងថា កូនបីនាក់និងភរិយាទីមួយរបស់លោក ឆាំង សុង ដែលជាបងប្អូនជីដូនមួយរបស់ភរិយាលោកសេនាប្រមុខ លន់ នល់ ផ្តល់ដំណឹងមកថា ពួកគេចង់មកសួរសុខទុក្ខលោកនៅមន្ទីរពេទ្យ ហើយលោកស្រីរីករាយនឹងព័ត៌មាននេះ។
អ្នកស្រី ស៊ុម សារុន រំពឹងថាអតីតរដ្ឋមន្ត្រីរូបនេះអាចនឹងឆ្លងផុតគ្រោះថ្នាក់លើកនេះដូចដែលលោកបានជម្នះលើកមុនៗ។
អ្នកស្រីបានសរសេរលើទំព័រហ្វេសប៊ុកថា៖ «យើងសង្ឃឹមថា អព្ភូតហេតុអស្ចារ្យនឹងធ្វើឲ្យគាត់ដឹងខ្លួនវិញ»៕