សភាអឺរ៉ុបបានអនុម័តសម្រចមួយទាក់ទងនឹងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំង ទម្លាក់ចោលការកាត់ទោសលើពួកគេ និងជំរុញឲ្យមានដំណើរការផ្សះផ្សាជាតិមួយជាមួយគណបក្សសង្រ្គោះជាតិផងដែរ។ នេះបើយោងតាមសេចក្តីសម្រេច ឬញត្តិ ចុះថ្ងៃទី ១១ ខែមីនា ដែលបង្ហោះលើគេហទំព័រសភាអឺរ៉ុប។
ក្នុងញត្តិនោះ សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងថ្នាក់ដឹកនាំផ្សេងទៀត ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២០ ឆ្នាំ កាលពីពេលថ្មីៗនេះ។ ក្រោយពីការអំពាវនាវឲ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញលើមន្រ្តីបក្សប្រឆាំង សភាអឺរ៉ុប ក៏ជំរុញឲ្យមានដំណើរការផ្សះផ្សាជាតិមួយផងដែរ។
ញត្តិដដែលឲ្យដឹងតាមសេចក្តីដើមថា៖ «អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបង្កើតដំណើរការមួយនៃការផ្សះផ្សាជាតិ តាមរយៈការសន្ទនាពិតប្រាកដ និងមានការចូលរួមពីបក្សនយោបាយប្រឆាំងនិងអង្គការសង្គមស៊ីវិល»។
បើតាមញត្តិនោះ សភាអឺរ៉ុបក៏បានអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប ដែលបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ EBA ពីកម្ពុជា កាលពីឆ្នាំមុន តាមដានយកចិត្តទុកដាក់លើស្ថានភាពក្នុងប្រទេសកម្ពុជា និងវាយតម្លៃលើផលប៉ះពាល់នៃការដក EBA មួយផ្នែក។
បន្ថែមពីនេះ សភាអឺរ៉ុបអំពាវនាវឲ្យរដ្ឋសមាជិកទាំងអស់ព្យួរជំនួយហិរញ្ញវត្ថុទ្វេភាគីជាមួយរដ្ឋាភិបាលកម្ពុជាទាំងអស់ ហើយផ្តោតលើអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងវិញ។
កាលពីខែសីហា ឆ្នាំ ២០២០ សហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ដោយចាប់ផ្ដើមយកពន្ធចំនួន ២០% លើទំនិញកម្ពុជា ជាការឆ្លើយតបនឹង «ការរំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ញត្តិរបស់សភាអឺរ៉ុបនេះ ត្រូវបានអនុម័តដោយទទួលបានសំឡេងគាំទ្រ ៦១០ សំឡេងប្រឆាំង ៤៣ និងអនុបវាទ ៣៧ លើសំឡេងសរុប ៦៩០។
រូបឯកសារ៖ ក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិកាន់រូបថតលោក សម រង្សុី នៅក្នុងការដង្ហែក្បួនឃោសនាថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
លោក Phil Robertson អនុប្រធានផ្នែកតំបន់អាស៊ីនៃ Human Rights Watch បានចាត់ទុកភាសាក្នុងញត្តិរបស់សភាអឺរ៉ុបមានលក្ខណៈធ្ងន់។ លោកបន្ថែមថា សមាជិកសភាអឺរ៉ុបក៏បានបង្ហាញការគាំទ្រខ្លាំងក្លា សម្រាប់គោលនយោបាយការបរទេសអឺរ៉ុប ដើម្បីបញ្ចប់ការកាត់ទោសទ្រង់ទ្រាយធំលើបក្សប្រឆាំង ការដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស និងការស្តាឡើងវិញនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ កាលពីឆ្នាំ ២០១៧។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាប្រសិនបើគណបក្សកាន់អំណាចតម្កល់ប្រយោជន៍ជាតិជាធំ នោះគួរមានការចរចាដោះស្រាយវិបត្តិនយោបាយ តាមសំណើរបស់សភាអឺរ៉ុប។ លោកបន្តថា បណ្តាប្រទេសលោកសេរីផ្តល់ជំនួយដល់កម្ពុជា ក៏ដោយសារកម្ពុជាបានប្តេជ្ញាជាមួយកិច្ចសន្យាក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា បណ្តាប្រទេសទាំងអស់ហ្នឹង គេមានសិទ្ធិក្នុងការប្រើប្រាស់នូវសិទ្ធិរបស់គេដែលអាចធ្វើទៅបានតាមលទ្ធភាព។ មានន័យថា ប្រទេសណា គេអាចធ្វើអីបាន គេនឹងធ្វើ ដើម្បីឲ្យកម្ពុជាងាកទៅរកការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យបានល្អប្រសើរឡើងវិញ»។
លោកក៏បារម្ភអំពីវិធានការបន្តទៀតរបស់សហភាពអឺរ៉ុបនិងបណ្តាប្រទេសផ្សេងៗ ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ មិនមានគណបក្សប្រឆាំងចូលរួម «ដែលមិនមានតម្លៃជាសកលអាចទទួលយកបានពីសហគមន៍ជាតិនិងអន្តរជាតិនោះទេ»។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសមាជិកមួយរូប មានប្រសាសន៍ថា ជំហររបស់សភាអឺរ៉ុប គឺ «ដដែលៗ» ដោយចង់ឲ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ។ លោកបន្តថា ជំហររបស់រដ្ឋាភិបាលមិនអាចយកតាមការលើកឡើងរបស់សភាអឺរ៉ុបបានទេ។ លោកបានចោទសភាអឺរ៉ុបថា «កាន់ជើងតែអ្នកខុសច្បាប់ »។
លោកមានប្រសាសន៍ថា៖ «អត់និយាយដល់រឿងចរចាទេ ជាប់គុកសិន។ ទើបតែកាត់ទោសថ្មីៗផង មកចង់ស្តាអ្នកជាប់គុកម៉េច។ ខ្ញុំដូចឆ្ងល់ដែរ។ អឺរ៉ុបហ្នឹង វាអត់គោរពច្បាប់ទេ តាមមើល»។
បើតាមលោកសុខ ឥសាន លោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចដឹកនាំគណបក្សនយោបាយណាមួយ ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ បាននោះទេ។
លោកថ្លែងថា៖ « ២ នាក់ហ្នឹង អត់មានដាច់ខាតហើយ ហើយក្នុងចំណោម ១១៨ ហ្នឹង (អ្នកដែលត្រូវកាត់សិទ្ធិនយោបាយ) មានតែ ១៤ នាក់ ដែលមកសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ បើគាត់ចង់បង្កើតគណបក្សសិទ្ធិរបស់គាត់ទូលំទូលាយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ លើកឡើងថា ក្រសួងនឹងបន្តពិភាក្សានិងពន្យល់អំពីនីតិវិធីច្បាប់របស់កម្ពុជាទៅសភាអឺរ៉ុប ដោយថា នេះជាការអនុវត្តរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ។
នៅក្នុងញត្តិនោះ សភាអឺរ៉ុបក៏បានជំរុញឲ្យពិចារណាមិនយកប្រទេសកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលបានលើកពេលម្តងរួចហើយ ដោយសារជំងឺកូវីដ១៩ ប្រសិនបើប្រជាធិបតេយ្យមិនត្រូវបានស្តាឡើងវិញ៕