ក្រោយមានគំនាបជាបន្តបន្ទាប់ទៅលើគណបក្សសង្រ្គោះជាតិ សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានសម្រេចព្យួរជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្រោមហេតុផលថា តុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១២ ខែធ្នូ ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ សហភាពអឺរ៉ុបបានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានប្រើប្រាស់ចំណាត់ការមួយចំនួនប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ ក្នុងនោះមានការរំលាយគណបក្ស និងការបែងចែកអាសនៈដែលគណបក្សមួយនេះទទួលបានពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ និង២០១៧។
សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«ការសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងការបែងចែកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំងទៅឲ្យគណបក្សផ្សេង គឺជាការបដិសេធនូវជម្រើសនៃប្រជាពលរដ្ឋដែលបានបោះឆ្នោត កាលពីឆ្នាំ២០១៣ និង២០១៧»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖
«ការសម្រេចរំលាយគណបក្សសង្រ្គោះជាតិក៏មានន័យថា គណបក្សនេះនឹងមិនអាចចូលរួមការបោះឆ្នោតសភានៅឆ្នាំ២០១៨បានទេ។ ដំណើរការបោះឆ្នោតដែលគណបក្សប្រឆាំងដ៏ធំត្រូវបានដកចេញតាមអំពើចិត្ត មិនអាចត្រូវគេមើលឃើញថា ស្របច្បាប់នោះទេ»។
កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសផ្តល់ជំនួយ៦,៧លានអឺរ៉ូ ស្មើប្រមាណ៨លានដុល្លារអាមេរិកសម្រាប់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ក្នុងនោះមានការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកំព្យូទ័រ ជំនួយលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅកាលពី ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ខាងមុខ។ បើតាមមន្រ្តីគ.ជ.ប រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបបានផ្តល់ជំនួយជាង៥លានដុល្លារអាមេរិករួចហើយទៅដល់គ.ជ.ប។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិលើកដៃទៅកាន់អ្នកគាំទ្រក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)
នៅក្នុងសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុបបានប្រកាសថា ខ្លួនរីករាយដែលបានគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីកន្លងទៅ ដោយលើកឡើងថា ការបោះឆ្នោតនេះមានការទទួលស្គាល់ធំធេង ដំណើរការដោយវិជ្ជាជីវៈ និងឈានដល់ស្តង់ដាខ្ពស់នៃតម្លាភាព និងភាពទុកចិត្តបាន។ សហភាពអឺរ៉ុបបានបញ្ជាក់ថា ការណ៍ដែលប្រជាជនចេញទៅបោះឆ្នោតច្រើន គឺជាសញ្ញានៃភាពទុកចិត្តនៅក្នុងប្រព័ន្ធបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបានមើលឃើញថា បង្ហាញពីឆន្ទៈរបស់អ្នកបោះឆ្នោត។
ក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ សហរដ្ឋអាមេរិកក៏បានប្រកាសបញ្ឈប់ជំនួយដែលខ្លួនបានប្រកាសកាលពីខែមេសា ថានឹងជួយថវិកាប្រមាណ១,៨លានដុល្លារអាមេរិក សម្រាប់រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគ.ជ.ប បានថ្លែងប្រាប់ VOA ថា សហភាពអឺរ៉ុបគួរតែបែងចែកឲ្យដាច់ពីគ្នាពីស្ថានភាពនយោបាយនៅកម្ពុជានិងការផ្តល់ជំនួយមកគ.ជ.ប។
លោកមានប្រសាសន៍ថា៖
«សម្រាប់ពូយល់ឃើញថា រដ្ឋាភិបាលគឺជារឿងរដ្ឋាភិបាល គ.ជ.ប.ជារឿងគ.ជ.ប.។ អញ្ចឹងស្ថាប័នពីរនេះ គឺស្ថាប័នឯករាជ្យពីគ្នា អញ្ចឹងការកាត់ជំនួយមកគ.ជ.ប.ហ្នឹង មិនគួរភ្ជាប់ទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជាបាទ»។
លោកបន្តថា គ.ជ.ប បានត្រៀមថវិកាជាង២លានដុល្លារអាមេរិកសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅក្នុងខែកុម្ភៈ និងថវិកាប្រមាណ៥២លានដុល្លារសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ លោកបញ្ជាក់ថា ថវិកាទាំងនេះនឹងផ្តល់ដោយរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖
«គ.ជ.បបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ អញ្ចឹងជាថវិកាសម្រាប់គ.ជ.ប. គឺពុំមានបញ្ហាទេ ប៉ុន្តែអ្វីដែលយើងសោកស្តាយនោះ គឺសោកស្តាយទៅនឹងដៃគូរបស់យើង ដែលគាំទ្រនូវការបោះឆ្នោត ហើយដែលធ្វើឲ្យការបោះឆ្នោតហ្នឹងទទួលកន្លងទៅ ទទួលបានជោគជ័យល្អ។ ហើយយើងគិតថា ការចូលរួមរបស់ភាគីពាក់ព័ន្ធកាន់តែច្រើន បង្ហាញនូវតម្លាភាពរបស់គ.ជ.បកាន់តែខ្លាំងនូវក្នុងដំណើរការរៀបចំការបោះឆ្នោត»។
រូបឯកសារ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួយជាមួយមន្ត្រីទូតរបស់សហគមន៍អឺរ៉ុបនិងជប៉ុនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ។ (នៅ វណ្ណារិន/VOA)
បើតាមលោក សោម សូរីដា ក្រៅពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រទេសមួយចំនួនទៀតបានផ្តល់ជំនួយមកគ.ជ.ប ក្នុងនោះមានប្រទេសចិន ប្រទេសជប៉ុន កូរ៉េខាងត្បូង និងរុស្ស៊ីជាដើម។ លោកបញ្ជាក់ថា ប្រទេសជប៉ុន គ្រោងនឹងផ្តល់ជំនួយជាង៧លានដុល្លារអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។ លោកសង្ឃឹមថា ជប៉ុននឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
លោក Hironori Suzuki ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ VOA តាមរយៈអ៊ីមែល ឬសារអេឡិចត្រូនិកថា៖
«វាមានសារៈសំខាន់ណាស់ដែលមានការបោះឆ្នោតជាតិនៅឆ្នាំក្រោយ បង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ ប្រទេសជប៉ុននឹងបន្តការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា តាមដានការវិវត្តស្ថានភាពនយោបាយយ៉ាងយកចិត្តទុកដាក់ ហើយនិងបន្តផ្តល់ជំនួយសម្រាប់កំណែទម្រង់ការបោះឆ្នោត»។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ចិនបានផ្តល់ជំនួយដល់គ.ជ.ប ច្រើនជាងប្រទេសដទៃ គឺរហូតទៅដល់ជាង១២លានដុល្លារអាមេរិក។ លោកបញ្ជាក់ថា ជំនួយបរទេស គឺគ្រាន់តែកាត់បន្ទុកចំណាយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមថវិការួចជាសម្រេចហើយសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ លោកបញ្ជាក់ថា រដ្ឋាភិបាលស្វាគមន៍ជំនួយពីបណ្តាប្រទេសទាំងអស់ មិនថាឡើយតែប្រទេសចិននោះទេ។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន យល់ថា ការសម្រេចរបស់សហភាពអឺរ៉ុប ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងវាយប្រហារទៅលើគ.ជ.ប។
លោកបានថ្លែងប្រាប់ VOA ថា៖
«ខ្ញុំជឿជាក់ថា ជាគោលបំណងជ្រៀតជ្រែកនូវបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ជាការជ្រៀតជ្រែកវាយប្រហារមកលើស្ថាប័នឯករាជ្យក្នុងទិសដៅពង្រឹងសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋកម្ពុជា»។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកស្វាគមន៍ការកាត់ជំនួយទាំងអស់របស់សហរដ្ឋអាមេរិក ដោយលោកថា អាមេរិកកំពុងតែសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីផ្តួលរូបលោកមិនដួល។ លោកក៏បានប្រកាសស្វាគមន៍អាមេរិកឲ្យកាត់ជំនួយទាំងអស់មកកម្ពុជា និងថា ការគំរាមបិទទីផ្សារកម្ពុជាក៏មិនអាចទៅរួចនោះដែរ។
លោក ហ៊ុន សែន បានថ្លែងពេលនោះថា៖
«ឥឡូវមានអ្នកខ្លះគំរាម។ គេថា បិទផ្សារអីចេះអីចុះ។ អ្នកឯងបិទលមើល អ្នកឯងបិទក៏អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខវិស័យឯកជនរបស់អ្នកឯងដែលបានចុះកុងត្រាទិញរួចហើយ។ អ្នកឯងបិទ បិទជានយោបាយ។ ក៏ប៉ុន្តែអនុវត្ត អនុវត្តមិនបានទេ។ ហើយខ្ញុំស្វាគមន៍ណាស់ ស្វាគមន៍អាមេរិកកាត់ជំនួយ ទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំស្វាគមន៍តែម្តង»។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត នៅទីក្រុងសៀមរាប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។
លោក ហ៊ុន សែន ក៏បានថ្លែងដែរថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា មិនចាំបាច់មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះទេ សំខាន់គឺទទួលស្គាល់់ដោយប្រជាជនកម្ពុជាបានហើយ។
ទំនុកចិត្តទៅលើស្ថាប័នគ.ជ.ប ក៏ត្រូវបានចោទជាសំណួរផងដែរ ក្រោយសមាជិកគ.ជ.ប៣រូប ដែលត្រូវបានជ្រើសរើសចេញពីគណបក្សសង្រ្គោះជាតិ តាមកិច្ចព្រមព្រៀងនយោបាយជាមួយគណបក្សកាន់អំណាច បានលាលែងពីតំណែង ដោយសារគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។
ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ សហគមន៍អន្តរជាតិបានកំពុងពិនិត្យមើលឡើងវិញអំពីជំនួយមកកម្ពុជា ហើយបានព្រមានថា នឹងមានចំណាត់ការជាបន្តបន្ទាប់។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar បានហៅរាល់ចំណាត់ការរបស់រដ្ឋាភិបាលខ្មែរលើក្រុមជំទាស់ថាជា«ការបោះជំហានគួរឲ្យកត់សម្គាល់ប្រាសចាកពីរបបប្រជាធិបតេយ្យសេរីពហុបក្ស» ដែលនាំឲ្យមានការពិនិត្យសើរើឡើងវិញពីសំណាក់គណៈកម្មការសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ទៅលើរាល់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា៕