មុនសវនាការលើបណ្តឹងទាស់របស់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ នៅព្រឹកថ្ងៃអង្គារនេះ លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ បានបង្ហាញពីការអស់សង្ឃឹមថា លោកនឹងមិនអាចត្រូវបានដោះលែងនោះទេ ដោយសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នឹងមិនលើកលែងទោសឲ្យនរណាម្នាក់នោះ។
នៅព្រឹកថ្ងៃអង្គារនេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងទាស់របស់លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១០នាក់ផ្សេងទៀត ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ក្តីឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ឆ្នាំទៅដល់២០ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងចូលរួម និងធ្វើកុប្បកម្មប្រឆាំងនឹងរដ្ឋាភិបាលដើម្បីរំដោះទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។
លោកឃិន ជំរឿន សកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ត្រូវប៉ូលិសនាំចូលបន្ទប់នៅក្នុងសាលាឧទ្ធរណ៏ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
អំឡុងពេលសមត្ថកិច្ចបណ្ដើរចូលសាលសវនាការ លោក មាជ សុវណ្ណារ៉ា ស្រែកថា តុលាការគឺជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច ដូច្នេះលោកនិងសកម្មជនបក្សដែលកំពុងជាប់ឃុំផ្សេងទៀត គ្មានសង្ឃឹមថាអាចនឹងត្រូវបានដោះលែងនោះទេ។
លោកសុវណ្ណារ៉ា លើកឡើងថា៖
«យើងគ្មានសង្ឃឹម! ព្រោះម្សិលមិញលោក ហ៊ុន សែន បានផ្ញើសារនយោបាយហាក់បីដូចជាគំរាមតុលាការរួចទៅហើយ ម្សិលមិញនៅវិមានសន្តិភាព។ អញ្ចឹងយើងឃើញថា តុលាការជាឧបករណ៍នយោបាយ ហើយលោក ហ៊ុន សែន ល្មមហើយដល់ពេលនៅមានកូនមានចៅធ្វើនយោបាយជាមួយគ្នានៅពេលខាងមុខទៀត»។
លោកអ៊ុក ពេជ្រសំណាង អ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសស្រែកពីបន្ទប់នៅក្នុងសាលាឧទ្ធរណ៏ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញថា គណបក្សកាន់អំណាចកំពុងប្រើប្រាស់តុលាការធ្វើជាឧបករណ៍នយោបាយ ព្រមទាំងបានស្នើឲ្យតុលាការដោះលែងសកម្មជនទាំង១១រូបនោះ ដោយគ្មានលក្ខខណ្ឌ។
កាលពីថ្ងៃច័ន្ទ ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ លោកហ៊ុន សែន បានបញ្ជាក់ជាថ្មីថា នរណាធ្វើខុសត្រូវជាប់ទោស ហើយលោកនឹងមិនលើកលែងទោសឲ្យអ្នកណានោះទេ ដោយលោកថ្លែងបែបនេះសំដៅលើមេដឹកនាំ និងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិលើកទីមួយស្ដីអំពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។
លោក ហ៊ុន សែន មានប្រសាសន៍ទៅកាន់អ្នកចូលរួមថា៖
«អតីតអ្នកបង្រួបបង្រួមជាតិមួយនេះ មិនអាចលើកដៃចុះហត្ថលេខាសម្រួលឲ្យអ្នកណាទាំងអស់ សូមឲ្យសារអ្នកការទូតទាំងឡាយកុំនិយាយជាមួយ ហ៊ុន សែន លើរឿងនេះ និយាយមិនបាន អ្នកណាត្រូវតុលាការផ្តន្ទាទោស អ្នកហ្នឹងត្រូវចូលគុក»។
មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការផ្ញើសាររបស់លោកនាយករដ្ឋមន្រ្តីនៅថ្ងៃច័ន្ទ គឺជាសម្ពាធនយោបាយមួយ ធ្វើឲ្យតុលាការអាចនឹងពិបាកអនុវត្តការងារក្នុងវិស័យយុត្តិធម៌។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ និយាយទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦ រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកបញ្ជាក់ថា៖
«បើសិនជាការសម្រេចពឹងទៅលើឆន្ទានុសិទ្ធិ ទៅលើឧត្តមគតិ ជៀសវាងអគតិទាំងបួនហ្នឹង ទៅលើអង្គហេតុ អង្គច្បាប់ និងវិជ្ជាជីវៈ ខ្ញុំគិតថា ខ្ញុំមានសង្ឃឹមថា ការមោឃភាពនេះអាចនឹងមានការសម្រេចមួយដែលជាយុទ្ធសាស្ត្រ ក៏ប៉ុន្តែបើសិនជាសម្ពាធនយោបាយ ឬបរិយាកាសនយោបាយលូកលាន់ អាហ្នឹងខ្ញុំមិនសូវមានជំនឿទេ»។
សវនាការនៅព្រឹកមិញនេះមិនទាន់ត្រូវបានជំនុំជម្រះនៅឡើយ ដោយសារមានភាពមិនដាច់ស្រេចលើបណ្តឹងរបស់មេធាវីសកម្មជនទាំង១១នាក់ ស្នើសុំមោឃភាពនីតិវិធី ឬហៅថាបណ្តឹងឲ្យទម្លាក់ចោលបទចោទ និងបណ្តឹងមិនសុខចិត្តលើការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកសាន គឹមហេង សកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសត្រូវប៉ូលិសនាំចូលបន្ទប់នៅក្នុងសាលាឧទ្ធរណ៏ នៅថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
ក្រោយបញ្ចប់ការសួរដេញដោលរវាងក្រុមប្រឹក្សាអង្គចៅក្រម និងមេធាវីរបស់ចុងចោទ និងដើមចោទអស់រយៈពេលជាង២ម៉ោង ប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះ លោក ប្លង់ សំណាង បានសម្រេចបំបែកសំណុំរឿងជាពីរ ពាក់ព័ន្ធនឹងការជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឲ្យសកម្មជនទាំង១១នាក់ជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំ។
អង្គជំនុំជម្រះមិនទាន់បានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការសវនាការលើសំណុំរឿងនេះនៅឡើយ៕