ការឡោមព័ទ្ធដ៏ប្រល័យនៅវិមានសភាសហរដ្ឋអាមេរិកជាមេរៀនមួយដល់នាង Gigi Mei ដែលបានបញ្ចប់ការសិក្សាកាលពីខែឧសភាឆ្នាំមុនពីសាកលវិទ្យាល័យ Columbia នៅទីក្រុង New York។
នាង Mei អាយុ២៥ឆ្នាំមកពីប្រទេសចិនបាននិយាយថា៖ «ប្រជាធិបតេយ្យពិតជាផុយស្រួយណាស់ ហើយគេត្រូវប្រឹងប្រែងនិងចំណាយថាមពលច្រើនដើម្បីឱ្យមានលទ្ធិប្រជាធិបតេយ្យនេះ»។ នាង Mei បានថ្លែងទៀតថា៖ «ហើយគេត្រូវការឱ្យមនុស្សទាំងឡាយទ្រទ្រង់ ការពារ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ»។
នាង Mei ឋិតក្នុងចំណោមជនអន្តោប្រវេសន៍សហរដ្ឋអាមេរិករាប់សិបនាក់ ឬពលរដ្ឋអាមេរិកាំងជំនាន់ទីមួយ ដែលបាននិយាយជាមួយវីអូអេនៅក្រោយពេលដែលពួកកុបកររាប់ពាន់នាក់បានរុលកាត់ក្រុមប៉ូលិសវិមានសភាសហរដ្ឋអាមេរិកនៅក្នុងការប្រឹងប្រែងគ្មានជោគជ័យក្នុងការរារាំងសមាជិកសភាមិនឱ្យបញ្ជាក់អំពីជ័យជម្នះរបស់លោក Joe Biden លើលោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
នាង Gigi Mei និយាយថា «លទ្ធិប្រជាធិបតេយ្យផុយស្រួយណាស់!» (VOA ភាសាចិន)
ដូចមនុស្សជាច្រើននាក់ក្នុងពិភពលោកដែរ ជនអន្តោប្រវេសន៍ទាំងនេះបានសម្តែងការហួសចិត្តអំពីការបះបោរប្រដាប់អាវុធកាលពីថ្ងៃ៦មករាដែលបានបណ្តាលឱ្យមនុស្សប្រាំនាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងប៉ូលិសម្នាក់ផងដែរ។ អ្នកខ្លះបានប្រៀបធៀបកុបកម្មនេះទៅនឹងអំពើហិង្សានយោបាយនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ពួកគេនិយាយអំពីការបែកបាក់គ្នាខាងគណបក្សដែលកាន់តែខ្លាំងក្លាឡើងៗនៅក្នុងការបោះឆ្នោតកាលពីថ្ងៃ៣ វិច្ឆិកា ការលួចបន្លំសន្លឹកឆ្នោតដែលបានត្រូវច្រានចោលជាច្រើនដងនៅក្នុងតុលាការថ្នាក់រដ្ឋនិងនៅតុលាការសហព័ន្ធ ការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងដែលទើបតែកើតឡើង និងការគំរាមកំហែងនៃភាពវឹកវរនៅពេលសម្ពោធតំណែងប្រធានាធិបតីលោក Biden នៅថ្ងៃពុធ ទី២០ ខែមករាខាងមុខនេះ។
ទោះជាយ៉ាងនេះក្ដី ក៏ពួកជនអន្តោប្រវេសន៍ទាំងនេះនៅតែនិយាយថា ពួកគេមានទំនុកចិត្តថាលទ្ធិប្រជាធិបតេយ្យនឹងឈ្នះក្នុងសហរដ្ឋអាមេរិក ដោយមានការខិតខំប្រឹងប្រែង។
លោក Mirwais Safi ធ្លាប់ជាអ្នកបកប្រែភាសាឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសកំណើតរបស់លោក នៅមុនពេលលោកមករស់នៅក្នុងសហរដ្ឋអាមេរិក តាមរយៈទិដ្ឋាការអន្តោប្រវេសន៍ពិសេស។ លោកបាននិយាយថា៖ «យើងឃើញសហរដ្ឋអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារ...នៅក្នុងប្រទេសនិងនៅក្នុងទ្វីបនានា» ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច ការសិក្សាអប់រំពលរដ្ឋ សិទ្ធិមនុស្សនិងអ្វីៗច្រើនទៀត។ លោកថ្លែងទៀតថា៖ «តែយើងយល់ថាមានកិច្ចការច្រើនតម្រូវឱ្យធ្វើនៅខាងក្នុងសហរដ្ឋអាមេរិកផងដែរ»។
នៅពេលនេះ លោក Safi ធ្វើការជាមួយអង្គការមិនរកប្រាក់កម្រៃមួយនៅប៉ែកខាងជើងរដ្ឋ Virginia ដោយធ្វើការផ្ដោតលើលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍ។
ការពិតនាំឱ្យមានការមិនស្រួលចិត្ត
សម្រាប់លោក Boukary Sawadogo ដែលបង្រៀនអំពីខ្សែភាពយន្តអាហ្រ្វិកនៅសាកលវិទ្យាល័យ City College of New York ទិដ្ឋភាពនៃពួកកុបករចូលលុកក្នុងវិមានសភា«ហាក់ដូចជាក្នុងខ្សែកុនហូលីវូដមួយ»មិនមែនជាការពិតដែលលោកមិនដែលរំពឹងថាកើតមាននៅក្នុងកន្លែងនៃអំណាចនយោបាយអាមេរិកាំងទេ។
លោក Boukary Sawadogo សាស្ត្រាចារ្យផ្នែកភាពយន្ដអាហ្វ្រិក និយាយថា ទិដ្ឋភាពនៃការឡោមព័ទ្ធវិមានសភាសហរដ្ឋអាមេរិក «ប្រៀបដូចជាភាពយន្ដហូលីវូដអីចឹង»។ (VOA ភាសាបារាំងផ្សាយទៅកាន់អាហ្វ្រិក)
លោក Sawadogo មកពីប្រទេសប៊ូគីណាហ្វាសូបាននិយាយថា ការណ៍នេះនាំឱ្យលោកនឹកដល់បាតុកម្មមហាជនកាលពីឆ្នាំ២០១៤ ដែលបានបង្ខំឲ្យលោកប្រធានាធិបតី Blaise Compaore នៃប្រទេសនៅប៉ែកខាងលិចទ្វីបអាហ្វ្រិកមួយនេះ ឱ្យចេញពីតំណែងក្រោយពីកាន់អំណាច២៧ឆ្នាំ។ លោកបាននិយាយថា៖ «ពួកបាតុករបានកាន់កាប់រដ្ឋសភាហើយដុតអាគារនោះ។ ពួកសមាជិកសភា«រត់គេចខ្លួនដើម្បីជីវិតរបស់ពួកគេ»។
ក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានប្រញាប់ប្រញាល់ចេញពីសាលប្រជុំដែរ តែបានវិលមកវិញក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ដើម្បីបញ្ចប់ការបញ្ជាក់លទ្ធផលនៃការបោះឆ្នោតតាមការកំណត់។
ពួកសមាជិកនៃក្រុមដែលបានសម្រុកចូលទៅកាន់វិមានសភាសហរដ្ឋអាមេរិកបាននិយាយថា ពួកគេមានសិទ្ធិតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតនោះ។
លោក Tuan Anh La ទាហានជើងចាស់នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសវៀតណាមបាននិយាយថា៖ «យើងមកទីនេះដើម្បីទាមទារការពិត។ យើងមិនអាចទទួលយកបានទេនូវលទ្ធផលមួយដែលអ្នកបោះឆ្នោតពាក់កណ្តាលត្រូវបានទុកជាមោឃៈ» នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា។
រដ្ឋនីមួយៗចំណាយពេលច្រើនថ្ងៃនិងច្រើនសប្តាហ៍ដើម្បីរាប់សន្លឹកឆ្នោត។ នៅទីបញ្ចប់ លោក Biden បានទទួលសំឡេងឆ្នោតគាំទ្រ៨១លានសន្លឹក ហើយលោក Trump មានឆ្នោតទ្រទ្រង់តែ៧៤លានសន្លឹក។
នៅក្នុងការរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោត លោក Biden ទទួលបានអង្គបោះឆ្នោតចំនួន ៣០៦ ហើយលោក Trump ទទួលបាន ២៣២អង្គបោះឆ្នោត។
លោក Vanndhath Man មកពីប្រទេសកម្ពុជា ហើយធ្វើការជាគិលានុបដ្ឋាកនៅប៉ែកខាងជើងរដ្ឋ Virginia។ លោកបាននិយាយថា លោកមិនជឿថាការវាយប្រហារនោះបានត្រូវគិតជាមុនទេ ទោះជាអ្នកតវ៉ាខ្លះមានកំប៉ុងបាញ់សារធាតុគីមីប្រឆាំងនឹងការវាយប្រហារដោយខ្លាឃ្មុំហៅ bear spray ចំណងប្លាស្ទិកហៅ zip ties និងវត្ថុផ្សេងៗទៀតដែលនាំឱ្យយល់ថាមានការរៀបចំផែនការមាំទាំដោយមានបំណងអាក្រក់ក៏ដោយ។
លោក Vanndhath Man បានថ្លែងថា៖ « ខ្ញុំយល់ថាហ្វូងមនុស្សនេះ ឬពួកបាតុករទាំងនេះ...មិនបានគ្រោងធ្វើសកម្មភាពហិង្សាទេ»។ លោកបានថ្លែងទៀតថា៖ «តែនៅពេលមានការរុញច្រាន ភាពតានតឹងក៏បានក្លាយទៅជាការចូលលុកក្នុងវិមានសភាតែម្ដង»។
លោក Osman Ahmed អាយុ៣៣ឆ្នាំ ធ្លាក់ធ្វើការឱ្យសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីរនាក់មកហើយមកពីរដ្ឋ Minnesota។ លោកបាននិយាយថា ការវាយប្រហារនៅវិមានសភា«មានភាពផ្ទាល់ខ្លួនខ្លាំងណាស់សម្រាប់ខ្ញុំ។ លោកបានថ្លែតទៀតថា៖ «ក្នុងនាមជាបុគ្គលិកម្នាក់ លោកអ្នកមិនអាចចូលក្នុងព្រឹទ្ធសភាដោយគ្មានការត្រួតពិនិត្យទេ...ខ្ញុំដឹងថាអគារនេះមានសន្តិសុខ និងការថែរក្សាបែបណា»។
លោក Osman Ahmed ដែលធ្លាប់ជាបុគ្គលិកម្នាក់នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្ញើចសរសើរប៉ូលិសដែលបានការពារសមាជិកសភាសហរដ្ឋអាមេរិក។ (VOA សុម៉ាលី)
លោក Osman Ahmed បានឈប់ធ្វើការងារនោះកាលពីឆ្នាំ២០១៩ ដោយទៅធ្វើការនៅអង្គការមិនរកកម្រៃមួយក្នុងក្រុង Minneapolis ដើម្បីកសាងភាពជាដៃគូក្នុងសហគមន៍។ លោកឆ្អើមនឹងរូបភាពនៃការបង្ហូរឈាមក្នុងវិមានសភាសហរដ្ឋអាមេរិក ដែលលោកបានថ្លែងថានាំឱ្យលោកនឹកឃើញដល់កុមារភាពលោកក្នុងប្រទេសសូម៉ាលីដែលគ្មានស្ថិរភាព។
លោក Ahmed បានសរសើរ៖ «ពួកប៉ូលិសនិងពួកមន្ត្រីពង្រឹងច្បាប់ដែលបានការពារជីវិតពួកមន្ត្រីជាប់ឆ្នោត»។ ក៏ប៉ុន្តែលោកក៏បាននិយាយដែរថាលោក«ខ្វល់ខ្វាយ»ថាមនុស្សមួយចំនួនតូចប៉ុណ្ណោះក្នុងបណ្តាពួកកុបករភាគច្រើនដែលជាជនស្បែកសត្រូវបានចាប់ខ្លួន ដែលយ៉ាងហោចណាស់នៅពេលដំបូង។ លោកបានថ្លែងថា៖ «ការណ៍នេះបង្ហាញយ៉ាងពិតប្រាកដថា មានការលម្អៀងខាងពូជសាសន៍និងវិសមភាពក្នុងសង្គម...ហើយប្រសិនបើហេតុការណ៍នេះកើតមានដល់ពួកជនមិនមែនស្បែកសវិញ វាមិនមែនមានភាពដូចគ្នានេះទេ»។
បើតាមការវិភាគមួយរបស់បណ្តាញទូរទស្សន៍ CNN ទៅលើទិន្នន័យរបស់ប៉ូលិសនៅរដ្ឋធានីវ៉ាស៊ីនតោន បានបង្ហាញថា មានការចាប់ខ្លួនមនុស្ស៦១នាក់«ទាក់ទិននឹងភាពចលាចល»កាលពីថ្ងៃទី៦ ខែមករា ប្រៀបធៀបនឹងការចាប់ខ្លួនមនុស្ស៣១៦នាក់កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ គឺថ្ងៃដែលក្រុមបាតុករ«ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» ឬ Black Lives Matter ត្រូវបានបណ្តេញចេញពីផ្លូវនៅជិតសេតវិមាននៅមុនលោកប្រធានាធិបតី Donald Trump ឈរឱ្យគេថតរូបនៅមុខព្រះវិហារគ្រិស្តសាសនា St. John’s Episcopal ដោយកាន់គម្ពីរ bible មួយក្បាល។
លោក Michael Sherwin គឺជារដ្ឋអាជ្ញាស្តីទីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន។ លោកបាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី១២ ខែមករាថា មនុស្សជាង៧០នាក់ត្រូវបានចោទប្រកាន់ក្នុងការវាយប្រហារនោះ ហើយពួករដ្ឋអាជ្ញាកំពុងធ្វើការចោទប្រកាន់ទៅលើមនុស្សយ៉ាងតិចណាស់១០០នាក់ទៀត។
លោកបានថ្លែងថា ពួករដ្ឋអាជ្ញាជាន់ខ្ពស់ក៏កំពុងពិនិត្យមើលលទ្ធភាពនៃការចោទប្រកាន់ពីបទបំបះបំបោរនិងការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតដែលអាចនាំឱ្យជាប់គុករហូតដល់២០ឆ្នាំផងដែរ។
Your browser doesn’t support HTML5
ក្រុមបាតុករដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានទម្លាយចូលក្នុងវិមានរដ្ឋសភា
លោក Jake Kim បានរត់ចោលគេចចេញពីប្រទេសកូរ៉េខាងជើង ហើយនៅពេលនេះជានិស្សិតនៅក្រុង Provo រដ្ឋ Utah។ លោកយល់ថាទោសនេះមិនធ្ងន់ធ្ងរទេ។
លោក Jake Kim ដែលមានអាយុជាង៣០ឆ្នាំបាននិយាយថា៖ «ការធ្វើបាតុកម្មមានលក្ខណៈប្រជាធិបតេយ្យណាស់ តែអំពើហិង្សានាំឱ្យមានការតក់ស្លុត និងមិនអាចទទួលយកបានទេ។ លោកបានថ្លែងទៀតថានៅក្នុងសហរដ្ឋអាមេរិក៖ «មនុស្សអាចត្រូវចាប់ខ្លួនឬជាប់ពន្ធនាគារក្នុងមួយរយៈពេល។ នៅក្នុងប្រទេសកូរ៉េខាងជើង ពួកគេអាចត្រូវប្រហារជីវិត»។
សេរីភាព
ពួកប្រជាធិបតេយ្យទាំងអស់ និងពួកសាធារណរដ្ឋ១០នាក់នៅក្នុងរដ្ឋសភាអាមេរិកបានបោះឆ្នោតកាលពីសប្តាហ៍ទីពីរនៃខែមករា ដើម្បីចោទប្រកាន់ដកតំណែងលោក Trump ជាលើកទីពីរ ដែលជាការណ៍មិនធ្លាប់មានពីមុនៗ ដោយចោទប្រកាន់លោកថាបានញុះញង់ឱ្យមានការបះបោរអំពីលទ្ធផលនៃការបោះឆ្នោត។ ប្រធានាធិបតីរូបនេះបានបដិសេធថាលោកគ្មានធ្វើអ្វីខុសទេ។
លោក Trump ក៏បានត្រូវរឹតត្បិតដោយក្រុមហ៊ុន Twitter ក្រុមហ៊ុន Facebook និងបណ្តាញសង្គមឯទៀតៗ ដែលបានចោទប្រកាន់លោកថាបានធ្វើអត្ថាធិប្បាយអុជអាល។
លោក Junior Bompeti អាយុ៣៥ឆ្នាំ ជាអ្នករចនា software នៅក្រុង Dallas រដ្ឋ Texas និយាយថា៖ «នេះជារឿងមិនគួរឲ្យជឿនោះទេ! យើងមានសេរីភាពខាងការបញ្ចេញមតិ»។
លោក Junior Bompeti ជាអ្នករចនា software ដែលបានបង្កើតក្រុមជនជាតិកុងហ្គោគាំទ្រលោក Trump។ (រូបថតពី Facebook)
លោក Bompeti ដែលមករស់ក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៥ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបង្កើត Facebook សហគមន៍ជនជាតិកុងហ្គោ ដើម្បីគាំទ្រលោក Trump។
លោក Bompeti បានគាំទ្របណ្តឹងគ្មានជោគជ័យក្នុងការប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋជាច្រើនដែលលោក Trump ចាញ់ឆ្នោត។ លោកបាននិយាយថា៖
«យើងត្រូវតែទុកចិត្តដំណើរការនេះ។ មានការចោទប្រកាន់ច្រើនអំពីការបន្លំសន្លឹកឆ្នោត។ លោកប្រធានាធិបតីបាននិយាយច្រើនដងថា មានការបន្លំសន្លឹកឆ្នោត»។
ដំណោះស្រាយ
លោក Bompeti និងពួកជនអន្តោប្រវេសន៍ឯទៀតៗបាននិយាយថា ការកសាងទំនុកចិត្តនិងលទ្ធិប្រជាធិបតេយ្យឱ្យមានដំណើរការល្អជាងមុនតម្រូវឱ្យមានការគោរពគ្នា ការអប់រំ និងការទាក់ទងគ្នារវាងពលរដ្ឋ។
លោក Roba Bulga គឺជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ខាងដំណោះស្រាយជម្លោះនៃសាកលវិទ្យាល័យ Brandeis មកពីប្រទេសអេត្យូពី។ លោកបាននិយាយថា គណបក្សនយោបាយគួរ«ទុកដោយឡែក»នូវការខ្វែងគំនិតគ្នាខ្លះៗរបស់ពួកគេ។
លោក Roba Bulga ដែលសិក្សាអំពីដំណោះស្រាយជម្លោះ បានទៅមើលទិដ្ឋភាពនៅខាងក្រៅវិមានសភា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីការវាយប្រហារនៅវិមានសភាសហរដ្ឋអាមេរិកបានកើតឡើង។ (VOA)
លោកបានហៅពេលនេះថាជា«ពេលវេលាមួយនៃការផ្សះផ្សាគ្នា ជាពេលមួយនៃការរួបរួមគ្នាជាប្រទេសតែមួយ»។
លោក Roba Bulga បានសុំឱ្យក្រឡេកមើលហួសពីព្រំដែនសហរដ្ឋអាមេរិក ដោយលោកបានថ្លែងថា៖ «ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅទីនេះអាចជាការគំរាមកំហែង»ដល់ផ្នែកឯទៀតៗនៃពិភពលោកផងដែរ។
អ្នកស្រី Thavin Keo ក៏បានជំរុញឱ្យមានសេចក្តីថ្លៃថ្នូរច្រើនជាងមុនដោយអ្នកស្រីមិនពេញចិត្តអំពី«ការមានភាពស្អប់ខ្ពើមច្រើននៅគ្រប់កន្លែង...សួមមើលនៅ ទីក្រុងPortland។ សូមមើលនៅទីក្រុង Seattle»។ អ្នកស្រីបានថ្លែងដូច្នេះដោយនិយាយសំដៅដល់បាតុកម្មជាច្រើនខែនៃចលនា «ពលរដ្ឋស្បែកខ្មៅមានតម្លៃ» ឬ Black Lives Matter កាលពីឆ្នាំទៅមិញ ដែលជួនកាលនាំឱ្យមានការប៉ះទង្គិចគ្នារហូតដល់បង្ហូរឈាមថែមទៀតផង។ ស្ត្រីអាយុ៦៧ឆ្នាំរូបនេះជាមន្ត្រីជាប់កិច្ចសន្យាចូលនិវត្តន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានមករស់ក្នុងប្រទេសអាមេរិកជាជនភៀសខ្លួនមកពីប្រទេសកម្ពុជាកាលពីឆ្នាំ១៩៨១ ដោយតាំងលំនៅដ្ឋាននៅប៉ែកខាងជើងរដ្ឋ Virginia។
អ្នកស្រី Thavin Keo មន្ត្រីជាប់កិច្ចសន្យាចូលនិវត្តន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានមករស់ក្នុងប្រទេសអាមេរិកជាជនភៀសខ្លួនមកពីប្រទេសកម្ពុជាកាលពីឆ្នាំ១៩៨១ ដោយតាំងលំនៅដ្ឋាននៅប៉ែកខាងជើងរដ្ឋ Virginia។
អ្នកស្រី Thavin Keo បានពោលថា ពួកមេដឹកនាំសាធារណរដ្ឋ និងប្រជាធិបតេយ្យ«គួរធ្វើការជាមួយគ្នាដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ»។ អ្នកស្រីបាននិយាយទៀតថា បើមិនធ្វើដូច្នេះទេ«នឹងគ្មានវិធីចេញពីជម្លោះនេះទេ»។
លោក Pagniti Tosuksri ហៅ Tom បានចំណាយពេលខ្លះនៃកុមារភាពរបស់លោកក្នុងប្រទេសថៃជាប្រទេសកំណើតរបស់ឳពុកម្តាយលោក ហើយនៅពេលនេះលោកធ្វើការឱ្យកម្មវិធីមិនរកប្រាក់កម្រៃមួយខាងផ្ទះសម្បែងក្នុងក្រុង Cleveland រដ្ឋ Ohio។ លោកយល់ថាការទាក់ទងគ្នារវាងពលរដ្ឋមានសារៈសំខាន់។
លោក Tosuksri បាននិយាយថា លោកបានស្ម័គ្រចិត្តធ្វើជាអ្នកឃ្លាំមើលការបោះឆ្នោតកាលពីខែវិច្ឆិកា ហើយចង់«មានការទាក់ទិនជាងមុន...ដើម្បីបានដឹងច្រើនជាងមុនអំពីការបោះឆ្នោតក្នុងមូលដ្ឋានយើង»។
លោក Pahniti (Tom) Tosuksri រស់នៅក្នុងក្រុង Cleveland រដ្ឋ Ohio បានស្ម័គ្រចិត្តធ្វើការជាបុគ្គលិកម្នាក់នៅមណ្ឌលបោះឆ្នោតមួយ និងចង់ដឹងកាន់តែច្បាស់អំពីការបោះឆ្នោតនៅក្នុងមូលដ្ឋាន។ (VOA ភាសាថៃ)
លោកក៏មានបំណង«លើកទឹកចិត្តមនុស្ស»ឱ្យធ្វើដូចលោកដែរ និងរៀនសូត្រឱ្យបានច្រើនជាងមុនអំពីពួកបេក្ខជនក្នុងមូលដ្ឋាននិងបញ្ហានានា។ លោកបាននិយាយថានៅពេលបោះឆ្នោត«មិនមែនគិតតែពីការជ្រើសរើសប្រធានាធិបតីមិនមែនគិតតែការជ្រើសរើសសមាជិកព្រឹទ្ធសភាទេ ក៏មានអ្វីៗជាច្រើនទៀតនៅក្នុងនោះដែលយើងត្រូវដឹងផងដែរ»។
លោក Meron Semedar អាយុ៣៤ឆ្នាំមកពីប្រទេសអេរីត្រេ ហើយនៅពេលនេះលោកជាទីប្រឹក្សាម្នាក់ដល់ពួកអ្នកស្រាវជ្រាវបញ្ហាអាហ្វ្រិកនៅសាកលវិទ្យាល័យ Californiaក្នុងក្រុង Berkerley។ លោកបាននិយាយថា ពួកជនអន្តោប្រវេសន៍ ជាពិសេសពួកជនដែលមានសញ្ជាតិអាមេរិកាំង មានការទទួលខុសត្រូវ។
លោក Semedar បាននិយាយថា៖ «ខ្ញុំលើកទឹកចិត្តដល់សហគមន៍ជនអន្តោប្រវេសន៍នីមួយៗឱ្យចេញទៅក្រៅដើម្បីប្រើសិទ្ធិរបស់ពួកគេ»ចាប់ពីការបំពេញទិន្នន័យជំរឿនប្រជារាស្ត្ររហូតដល់ការបោះឆ្នោត បើមានសិទ្ធិ។
លោក Semedar បានថ្លែងទៀតថា៖ «នេះជាការទទួលខុសត្រូវមួយ វាជាកាតព្វកិច្ចហើយយើងគួរគោរពកាតព្វកិច្ចនេះ។ យើងគួរផ្តល់កិត្តិយសដល់កាតព្វកិច្ចនេះ។ តែយើងក៏គួរបំពេញកាតព្វកិច្ចរបស់យើង ដើម្បីធ្វើឱ្យលទ្ធិប្រជាធិបតេយ្យលូតលាស់ដែរ។ ហើយយើងក៏គួរបង្រៀនអ្វីៗស្រដៀងគ្នានេះដល់ពួកកូនៗយើងដែរ...ការណ៍នេះត្រូវតែមានបន្តពីមនុស្សមួយជំនាន់ទៅមួយជំនាន់ទៀត»។
សម្រាប់លោក Sonam Zoksang ម្ចាស់អាជីវកម្មតូចមួយក្នុងតំបន់ Hudson Valley នៃរដ្ឋ New York «លទ្ធិប្រជាធិបតេយ្យមានកម្លាំងហើយ តែគេត្រូវការពារលទ្ធិនេះ»។
លោក Sonam Zoksang បានកើតនៅតំបន់ទីបេ ហើយលោកបានមកសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៥តាមរយៈប្រទេសនេប៉ាល់ ដែលនៅទីនោះឪពុកម្តាយលោកបានរត់គេចខ្លួនក្រោយចិនបានកាន់កាប់ប្រទេសពួកគេ។
លោកបាននិយាយថា លោកចាំមើលលោក Biden ប្រធានាធិបតីនឹងចូលកាន់តំណែងថាតើលោកនឹងធ្វើតាមសាររបស់លោកអំពីការឯកភាពនិងការជានាគ្នាឬទេ។
លោក Sonam Zoksang បានថ្លែងថា៖ «ខ្ញុំមានជំនឿថា រដ្ឋបាលថ្មីនិងពួកសាធារណរដ្ឋល្អៗខ្លះអាចធ្វើការជាមួយគ្នាបាន។ ពិភពលោកគោរពនិងមានសង្ឃឹមលើសហរដ្ឋអាមេរិក»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ