ក្រុមហ៊ុន Alibaba បានឲ្យដឹងថា ខ្លួនកំពុងទិញទ្រព្យសម្បត្តិក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ SCMP Group។ ទ្រព្យសម្បត្តិដែលបានទិញយកទាំងនោះរួមបញ្ចូលទាំងកាសែតផ្សាយជាភាសាអង់គ្លេសដ៏មានឥទ្ធិពលមួយនៅក្រុងហុងកុងផងដែរ នោះគឺកាសែត The South China Morning Post។
នៅក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្រុងហុងកុង ការជាវនេះបានបង្កឲ្យុមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការបង្កើនការរឹតត្បិតទៅលើកាសែតមួយនេះ និងទៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅទូទាំងក្រុងហុងកុង។
លោក Oiwan Lam គឺជាសហស្ថាបនិកនៃគេហទំព័រ inmediahk.net ដែលជាគេហទំព័រព័ត៌មានផ្សព្វផ្សាយអំពីក្រុងហុងកុងជាភាសាចិន។ លោកនិយាយថា៖
«ឥឡូវនេះ ដោយសារតែក្រុមហ៊ុន Alibaba បានទិញយកក្រុមហ៊ុន SCMP វានឹងធ្វើឲ្យការព្រួយបារម្ភពុះកញ្ជ្រោលក្នុងចំណោមមនុស្សម្នាក្នុងក្រុងហុងកុងអំពីការផ្លាស់ប្តូរលើលក្ខណៈដើមរបស់កាសែតនេះ»។
លោក Jack Ma ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba បានសន្យាថា លោកនឹងមិនធ្វើការរឹតត្បិតទៅលើដែនព័ត៌មាននៃកាសែតនេះទេ ហើយលោកនឹងរក្សាឯករាជ្យភាពផ្នែកតែងនិពន្ធរបស់កាសែតនេះ។
កាសែត The South China Morning Post មានចំនួនបោះពុម្ពផ្សាយប្រចាំថ្ងៃចំនួន ១០០.០០០ ច្បាប់ និងមានប្រវត្តិប្រតិបត្តិការអស់រយៈពេល១១២ឆ្នាំមកហើយ។
លោក David Bandurski អ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យហុងកុងក្នុងគម្រោងប្រព័ន្ធផ្សព្វផ្សាយចិននិយាយថា ការទិញនេះអាចធ្វើឲ្យកាសែតនេះមានការពិបាកក្នុងការផ្តាច់ខ្លួននៅដោយឡែកពីផលប្រយោជន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Alibaba និងការព្រួយបារម្ភពីបញ្ហានយោបាយ ដែលកើតចេញពីរដ្ឋាភិបាលកណ្តាលរបស់ចិន។
«កម្លាំងទំនាញយកផលប្រយោជន៍ផ្នែកពាណិជ្ជកម្មរបស់ចិនដីគោក (សាធារណៈរដ្ឋប្រជាមានិតចិន) មានសភាពខ្លាំងក្លាណាស់នៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះ ខ្ញុំគិតថានេះគ្រាន់តែជាការពិតមួយសម្រាប់ក្រុងហុងកុង ដែលកាសែតជាច្រើនផ្សាយជាភាសាចិនដែលរួមទាំងកាសែត The South China Mornig Post ផងនៅមុនមានការទិញនេះ ថាតើពួកគេបានគិតពិចារណាយ៉ាងប្រុងប្រយ័ត្នហើយឬនៅថា ពួកគេត្រូវរាយការណ៍រឿងអ្វី ឬត្រូវគិតពីសម្ពាធអ្វីដែលមានមកលើពួកគេ»។
ទំព័រមុខនៃកាសែត South China Morning Post ដាក់លក់ក្នុងក្រុងហុងកុងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។ ក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយរបស់ចិនគឺ Alibaba កំពុងតែទិញយកកាសែតផ្សាយជាភាសាអង់គ្លេសមួយនេះ។
ការទិញយកក្រុមហ៊ុន SCMP Group ក្នុងតម្លៃ២២៦លានដុល្លារដោយក្រុមហ៊ុន Alibaba នឹងសម្រួលដល់សម្ពាធសេដ្ឋកិច្ចដែលកាសែតនេះមាន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនច្បាប់បោះពុម្ពផ្សាយនិងប្រាក់ចំណេញរបស់ក្រុមហ៊ុនកាសែតនេះបានធ្លាក់ចុះ។
ក៏ប៉ុន្តែ ក៏មានអ្នកដែលមានការមន្ទិលសង្ស័យថា សាជីវកម្មមេថ្មីរបស់កាសែតនេះនឹងមិនជ្រៀតជ្រែកលើឯករាជ្យភាពនៃការនិពន្ធកាសែតនេះទេ។ ពួកគេនិយាយថា ការទិញយកកាសែតនេះ អាចបង្កើតជាឱកាសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះទៅវិញទេ ដែលកាសែតនេះបានរក្សានូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនបានមួយចំណែកមកហើយ។
លោក Tom Grundy បានបង្កើតកាសែតអនឡាញ (តាមអ៊ីនធឺណិត) មួយឈ្មោះ កាសែតសេរីក្រុងហុងកុង ឬ Hong Kong Free Press កាលពីដើមឆ្នាំនេះ។ លោកនិយាយថា គំរូធុរកិច្ចដែលមិនគិតប្រាក់ចំណេញនៃវិបសាយរបស់លោកអាចធានាបាននូវឯករាជ្យភាពផ្នែកតែងនិពន្ធបាន។
«យើងជាកាសែតមិនគិតប្រាក់ចំណេញ។ រាល់ប្រាក់មួយកាក់មួយសេនដែលយើងរកបាន ត្រូវចូលទៅក្រុមហ៊ុន។ ក្រុមហ៊ុននេះមិនមានម្ចាស់ភាគហ៊ុនដែលចូលមកហើយព្យាយាមទិញពួកយើងទេ។ ហើយយើងក៏មិនពឹងអាស្រ័យទាំងស្រុងលើលំហូរប្រាក់ចំណូលរបស់បុគ្គលណាមួយដែរ។ បន្តិចម្តងៗ យើងធ្វើឲ្យលំហូរនៃប្រាក់ចំណូលរបស់ហើយមកពីប្រភពផ្សេងៗ។ ជាឧទាហរណ៍ យើងមិនពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មទេ»។
ខណៈដែលកិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុអាចពង្រឹងការធានាអះអាងអំពីឯករាជ្យភាពផ្នែកតែងនិពន្ធរបស់ខ្លួននោះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅតែបន្តដំណើរការរបស់ពួកគេដោយមានថវិកាកាន់តែតិចតួចជាងមុន ដែលជាហេតុធ្វើឲ្យការរាយការណ៍បែបស៊ីជម្រៅរបស់ពួកគេជួបការលំបាក។
សម្រាប់ពេលនេះ មនុស្សជាច្រើននៅក្រុងហុងកុងនិយាយថា ការទិញកាសែត The South China Monrnig Post ពិតជាសញ្ញាមួយយ៉ាងច្បាស់អំពីឥទ្ធិពលក្នុងការទន្ទ្រានចូលជាបន្តបន្ទាប់របស់ចិនដីគោក ទៅលើរដ្ឋដែលមានលក្ខណៈជាក្រុងមួយនេះ ជាទីដែលមនុស្សជាច្រើនមានមន្ទិលសង្ស័យជាយូរមកហើយអំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលក្រុងប៉េកាំង៕
ប្រែសម្រួលដោយ នៀម ឆេង