នាយកទីភ្នាក់ងារប្រឆាំងចារកម្មក្នុងស្រុករបស់ប្រទេសអង់គ្លេសបានលើកឡើង កាលពីថ្ងៃទី ១៥ ខែតុលាកន្លងទៅ ពីការគំរាមកំហែងផ្សេងៗដែលប្រទេសអង់គ្លេសកំពុងប្រឈមមុខនោះ រួមមានក្រុមសកម្មប្រយុទ្ធឥស្លាម និងក្រុមស្តាំជ្រុលនិយម ដែលកំពុងតែកើនឡើង ប៉ុន្តែលោកសង្កត់ធ្ងន់ថា ការគំរាមកំហែងដ៏ធំបំផុត ក្នុងរយៈពេលវែងនោះ គឺប្រទេសចិននោះទេ។
លោក Ken McCallum នាយកទីភ្នាក់ងារប្រឆាំងចារកម្ម MI5 ក្នុងប្រទេសអង់គ្លេស បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រុងឡុងដ៍ ក្នុងការថ្លែងជាសាធារណៈលើកដំបូងរបស់លោក ក្នុងឋានៈជាប្រធានទីភ្នាក់ងារនេះថា ពេលបច្ចុប្បន្នប្រទេសរុស្ស៊ីបង្កជាការគំរាមកំហែងដ៏ធំបំផុតមួយសម្រាប់ប្រទេសអង់គ្លេស បើនិយាយក្នុងបរិបទរវាងរដ្ឋនិងរដ្ឋនោះ។ ក៏ប៉ុន្តែប្រទេសចិនវិញនឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងជាងនេះ សម្រាប់ប្រទេសអង់គ្លេសក្នុងពេលអនាគត។
លោកបានបន្តថា ខណៈពេលដែលប្រទេសរុស្ស៊ីបង្ក «ព្យុះភ្លៀងម្តងម្កាលនោះ» រដ្ឋាភិបាលក្រុងប៉េកាំងកំពុង «ផ្លាស់ប្តូរអាកាសធាតុទាំងមូលតែម្តង»។
លោក McCallum វ័យ ៤៥ឆ្នាំ ដែលមានស្រុកកំណើតនៅក្រុង Glasgow បាននិយាយថា លោកគ្រោងនឹងពង្រីកប្រតិបត្តិការនៃទីភ្នាក់ងាររបស់លោក ដើម្បីទប់ទល់នឹងសកម្មភាពខុសច្បាប់របស់ប្រទេសចិន។ លោកបានចូលកាន់តួនាទីនៅក្នុងផ្នែកនេះ ចាប់តាំងពីខែមេសាមក។
លោក McCallum បានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងបានព្យាយាមលួចយកកម្មសិទិ្ធបញ្ញារបស់ក្រុមហ៊ុនអាជីវកម្មនានា ក្នុងប្រទេសអង់គ្លេស ដែលរួមមានគ្រឹះស្ថានឱសថ និងសាកលវិទ្យាល័យផ្សេងៗជាដើម។
លោកបានបន្តថា៖ «ចក្រភពអង់គ្លេសចង់សហការជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហាធំៗជាសាកល ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ហើយស្របពេលជាមួយគ្នានេះដែរ ត្រូវមានភាពរហ័សរហួស ដើម្បីទប់ទល់នឹងសកម្មភាពដ៏គឃ្លើននានា ពេលដែលយើងជួបប្រទះ»។
លោក McCallum បានចោទប្រកាន់រដ្ឋបង្កអរិភាពនានា ដូចជាប្រទេសចិន និងប្រទេសរុស្ស៊ីជាដើមនោះ ថាមិនត្រឹមតែធ្វើសកម្មភាពចារកម្មលួចរឿងសម្ងាត់របស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គោលដៅចារកម្មលើវិស័យសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងការព្យាយាមបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអង់គ្លេសផងដែរ។
លោក McCallum បានគូសបញ្ជាក់យ៉ាងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយសម្តែងពីក្តីបារម្ភជុំវិញសកម្មភាពចារកម្មពីប្រទេសខាងក្រៅ ពាក់ព័ន្ធនឹងការស្រាវជ្រាវនិងការបង្កើតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ប្រទេសអង់គ្លេស ដោយលោកលើកឡើងថា ទីភ្នាក់ងាររបស់លោកកំពុងព្យាយាមបង្អាក់នូវសកម្មភាពចូលលួច ឬបំផ្លាញទិន្នន័យស្រាវជ្រាវវ៉ាក់សាំងនោះ។
លោក Ken McCallum នាយកទីភ្នាក់ងារប្រឆាំងចារកម្ម MI5 ក្នុងប្រទេសអង់គ្លេស ចូលរួមក្នុងសន្និសីទមួយ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
លោកបានបន្ថែមថា៖ «វាប្រាកដណាស់ លាភសក្ការៈជាសាកលពីការរកឃើញវ៉ាក់សាំង ដែលអាចប្រើប្រាស់បានប្រឆាំងនឹងវីរុសដ៏ប្រល័យនេះ គឺមានទំហំធំធេងណាស់»។
លោកមានប្រសាសន៍បន្ថែមក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា វាមានចំណុចពីរ ដែលយើងកំពុងប្រយ័ត្នប្រយែងនោះ។ ទីមួយ គឺការប៉ុនប៉ងលួចយកកម្មសិទ្ធិបញ្ញាផ្តាច់មុខរបស់យើង ដែលជាសមិទ្ធផលនៃការស្រាវជ្រាវផលិតវ៉ាក់សាំង ឬការលួចចូលដើម្បីបំផ្លាញទិន្នន័យ»។
លោកបានបន្ថែមថា៖ «ហើយបន្ទាប់មកហានិភ័យទីពីរ ដែលយើងត្រូវប្រយ័ត្នប្រយែងដែរនោះ គឺលទ្ធភាពដែលការស្រាវជ្រាវ កំពុងមានសុចរិតភាពនិងអំណោយផលខ្ពស់នោះ ប៉ុន្តែស្រាប់តែមានជនណាម្នាក់ព្យាយាមបង្កឲ្យមានភាពសង្ស័យទៅលើសុចរិតភាពនេះទៅវិញ»។
កាលពីបីខែមុន មន្ទីរសន្តិសុខប្រព័ន្ធអ៊ីនធឺណិតជាតិអង់គ្លេស បាននិយាយថា ក្រុមជនលួចចូលប្រព័ន្ធអ៊ីនធឺណិតដែលគាំទ្រដោយប្រទេសរុស្ស៊ីនោះ បានព្យាយាមចូលលួចទិន្នន័យនៃការស្រាវជ្រាវវ៉ាក់សាំងពីសាកលវិទ្យាល័យ និងគ្រឹះស្ថានឱសថមួយចំនួន ក្នុងប្រទេសអង់គ្លេស។
លោក McCallum បាននិយាយថា៖ «នៅអំឡុងទសវត្សរ៍ឆ្នាំ ២០២០ នេះ បញ្ហាប្រឈបមដ៏លំបាកបំផុតដែលទីភ្នាក់ងារចារកម្ម MI5 និងរដ្ឋាភិបាលអង់គ្លេសកំពុងជួបប្រទះនោះ គឺបញ្ហាប្រឈមផ្នែកសន្តិសុខជាតិផ្សេងៗ ដែលបង្កឡើងដោយប្រទេសរុស្ស៊ី ចិន អ៊ីរ៉ង់ និងបណ្តាប្រទេសដទៃផ្សេងៗទៀតកំពុងមានសភាពកាន់តែធ្ងន់ធ្ងរ និងស្មុគស្មាញ ខណៈពេលដែលការគំរាមកំហែងពីភេរវករ ក៏កើតមានស្របពេលជាមួយគ្នានេះផងដែរ»។
លោកបានបន្ថែមទៀតថា៖ «យើងក៏ឃើញមានការលូកដៃចូលក្នុងឆាកនយោបាយផងដែរ។ ឧទាហរណ៍ ដូចជាការជះឥទ្ធិពលទៅលើការពិភាក្សាផ្សេងៗ នៅក្នុងសហគមន៍អឺរ៉ុប។ ក្នុងពេលថ្មីៗនេះ យើងបានបង្អាក់សកម្មភាពចារកម្មចិន ដែលទំនងដូចជាសំដៅមកលើសហគមន៍អឺរ៉ុបទាំងមូល»។
លោក McCallum ដែលធ្លាប់ធ្វើជាភ្នាក់ងារបង្កប់ខ្លួនឲ្យទីភ្នាក់ងារចារកម្ម MI5 អស់រយៈពេល ២៤ ឆ្នាំ មុនពេលលោកទទួលបានតំណែងជានាយកទីភ្នាក់ងារនេះ បានស្នើឲ្យមានការចុះបញ្ជីឈ្មោះភ្នាក់ងារបរទេស ដែលតម្រូវឲ្យអ្នកចរចារបញ្ចុះបញ្ចូលទីប្រឹក្សាផ្នែកជំនួញមេធាវី និងជនដទៃទៀតដែលទទួលបានការផ្គត់ផ្គង់ថវិកាពីបរទេសនោះ ចុះបញ្ជីស្តីសកម្មភាពរបស់ខ្លួន។ នាពេលបច្ចុប្បន្ននេះការចុះបញ្ជីនេះមានតែនៅសហរដ្ឋអាមេរិក និងប្រទេសអូស្រ្តាលីប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ការចុះបញ្ជីនេះនឹងជួយឲ្យប្រទេសអង់គ្លេសអាចប្រយុទ្ធតទល់លើ «ការលូកដៃនិងឥទ្ធិពលបរទេសដែលគ្មានសុចរិតភាព ហើយមានលក្ខណៈខុសពីហានិភ័យចារកម្ម។
នៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយ កាលពីខែកក្កដាឆ្នាំមុន គណៈកម្មការទទួលបន្ទុកចារកម្មអន្តរគណបក្ស និងសន្តិសុខនៃសភាអង់គ្លេស បានព្រមានថា «ឥទ្ធិពលរុស្ស៊ីក្នុងប្រទេសអង់គ្លេស គឺមានស្ថានភាពថ្មីជាធម្មតា»។ គណៈកម្មការនេះក៏បានរិះគន់ «ជនគំនិតអាក្រក់និងជនអន្តរាគមន៍ខុសច្បាប់» ក្នុងប្រទេសអង់គ្លេស ដែលរួមមានសមាជិកសភាជាន់ខ្ពស់របស់អង់គ្លេស ដែលបានជួយសម្រួលលំហូរលុយពីរុស្ស៊ី ចូលទៅក្នុងប្រទេសអង់គ្លេស អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយទទួលបាននូវភាពមានស្តុកស្តម្ភពីទង្វើនេះ និងបានប្រែក្លាយទីក្រុងឡុងដ៍ទៅជា«កន្លែងលាងលុយកខ្វក់» សម្រាប់ប្រទេសរុស្ស៊ី។
សមាជិកគណៈកម្មការខាងលើបានលើកឡើងនៅក្នុងរបាយការណ៍ថា៖ «ការហូរចូលលុយពីរុស្ស៊ីបានជំរុញឲ្យជនដែលមានគំនិតអាក្រក់ដែលរួមមានបុគ្គល និងអង្គការដែលគ្រប់គ្រង និងចរចាបញ្ចុះបញ្ចូលសម្រាប់ក្រុមអភិជនរុស្ស៊ី នៅក្នុងប្រទេសអង់គ្លេស។ មេធាវី គណនេយ្យករ និងទីភ្នាក់ងារផ្នែកអចលនទ្រព្យ និងអ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈ បានប្រើប្រាស់តួនាទីរបស់ខ្លួន ទោះចេតនាឬអចេតនាក្តី នៅក្នុងការពង្រីកឥទ្ធិពលរបស់រុស្ស៊ី ដែលតែងតែត្រូវបានផ្សារភ្ជាប់ទៅនឹងការលើកស្ទួយផលប្រយោជន៍ខុសច្បាប់របស់រដ្ឋរុស្ស៊ីនោះ»។
រដ្ឋាភិបាលប្រទេសអង់គ្លេសនាពេលបច្ចុប្បន្ននេះ កំពុងធ្វើសេចក្តីព្រាងច្បាប់ផ្នែកសន្តិសុខសារធារណៈ និងវិនិយោគដែលនឹងអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងអាជីវកម្ម និងការទទួលគ្រប់គ្រងពាក់ព័ន្ធនឹងជំនួញលើវិស័យការពារនិងហេដ្ឋារចនាសម្ព័ន្ធចម្បង ដែលអាចត្រូវបានរាំងខ្ទប់ដោយអាជ្ញាធរ ប្រសិនបើពួកគេព្រួយបារម្ភថា វាអាចមានហានិភ័យដល់ទ្រព្យសម្បត្តិសំខាន់របស់អង់គ្លេសនោះ។
ទាក់ទងនឹងរឿងភេរវកម្មវិញ លោក McCallum បានលើកឡើងថា មានការគំរាមកំហែងកាន់តែច្រើនពីក្រុមជ្រុលនិយមស្តាំ។ ចាប់តាំងពីឆ្នាំ ២០១៧ មក ទីភ្នាក់ងារចារកម្ម MI5 បានបង្អាក់ផែនការវាយប្រហារភេរវកម្មចំនួន ២៧ លើក ដែលក្នុងនោះផែនការចំនួនប្រាំបីលើក ត្រូវបានរៀបចំឡើងដោយក្រុមជ្រុលនិយមស្តាំ។ លោកបានព្រមានថា «បច្ចុប្បន្ននេះការគំរាមកំហែងមិនមានទំហំធំដូចក្រុមភេរវកម្មឥស្លាមជ្រុលនិយមនោះទេ។ ប៉ុន្តែការគំរាមកំហែងនេះកំពុងតែរីកធំឡើងៗ»។
លោក McCallum បញ្ជាក់ថា ការរាតត្បាតវីរុសកូរ៉ូណាបានបង្កការលំបាក ដើម្បីរក្សាការតាមដានលើភេរវជនដែលមានការសង្ស័យ ដោយលោកកត់សម្គាល់ថាជាមួយនឹងចំនួនអ្នកថ្មើរជើងមានតិចជាងមុននៅលើដងផ្លូវនោះ «ភ្នាក់ងារឃ្លាំមើល» អាចត្រូវគេចំណាំបានងាយស្រួលជាងមុន។
លោកបានបន្ថែមថា ប៉ុន្តែរឿងដែលល្អពីការរាតត្បាតនៃវីរុសនោះ គឺថាមានការធ្វើកម្មវិធីតិចជាងមុន ហើយកន្លែងដែលមានមនុស្សម្នាកកកុញនោះ ក៏មានចំនួនតិចជាងមុន សម្រាប់ឲ្យពួកជនវាយប្រហារធ្វើការកំណត់ទីតាំងនោះ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា