ប្រធានាធិបតីថ្មីរបស់អាមេរិកគឺលោក ដូណាល់ ត្រាំ ដែលបានចូលកាន់ដំណែងអស់រយៈពេលជិតមួយខែមកហើយចាប់តាំងពីថ្ងៃទី២០ ខែមករាមកនោះ បានធ្វើឲ្យពលរដ្ឋជាច្រើនទាំងនៅអាមេរិកនិងនៅជុំវិញពិភពលោក ភ្ញាក់ផ្អើលចំពោះចំណាត់ការមួយចំនួនរបស់លោកដែលគេនឹកស្មានមិនដល់។ យ៉ាងណាក៏ដោយ អ្នកតាមដាននយោបាយសហរដ្ឋអាមេរិកនៅកម្ពុជា យល់ថាកម្ពុជាអាចរៀនសូត្រពីភាពច្របូកច្របល់ដែលកំពុងកើតមានឡើងនៅសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ។
ក្នុងអំឡុងពេលជាង៣សប្ដាហ៍ដំបូងនៃការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ប្រជាពលរដ្ឋអាមេរិក និងពិភពលោក បង្ហាញការភ្ញាក់ផ្អើលចំពោះចំណាត់ការរបស់លោកប្រធានាធិបតីរូបនេះ ដែលអ្នកខ្លះចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញរបស់អាមេរិកហើយក៏បារម្ភពីលទ្ធផលនៃការដឹកនាំរបស់លោក។
ខណៈមានការភ្ញាក់ផ្អើលចំពោះការដឹកនាំរបស់លោក ត្រាំនេះ អ្នកតាមដាននយោបាយអាមេរិកនៅកម្ពុជា លើកឡើងថា កម្ពុជាអាចរៀនសូត្របានច្រើនពីស្ថានការណ៍ដ៏ច្របូកច្របល់ដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីនេះ។
រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងនាំគ្នាបាតុកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ត្រាំ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
មួយសប្ដាហ៍បន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលមិនមានបទពិសោធន៍នយោបាយពីមុន បានចូលកាន់ដំណែងជាប្រធានាធិបតី លោកបានសម្រេចចេញបទបញ្ជា ហាមឃាត់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍មកពីប្រទេសចំនួន៧ដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម មិនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ បទបញ្ជារបស់លោកត្រូវបានទាត់ចោលដោយតុលាការសហព័ន្ធអាមេរិក ហើយក្រុមហ៊ុន ធំៗ ដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និងក្រុមហ៊ុនGoogle បានដាក់ពាក្យបណ្ដឹងប្រឆាំងបទបញ្ជារបស់លោកប្រធានាធិបតី។
លោក ដូណាល់ ត្រាំ ដែលជាសេដ្ឋីអចលនទ្រព្យ និងល្បីល្បាញខាងផ្ដួចផ្ដើមគំនិតដែលពលរដ្ឋអាមេរិកភាគច្រើននឹកស្មានមិនដល់ដូចជា ការទប់ស្កាត់ការហូរចូលនៃជនចំណាកស្រុកពីបណ្ដាប្រទេសដែលមានសង្គ្រាម គម្រោងសាងសង់ជញ្ជាំងខណ្ឌព្រំដែនជាមួយប្រទេសម៉ិកស៊ីក និងគម្រោងការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ចេញពីទឹកដីអាមេរិកជាដើម។
ភាពចម្រូងចម្រាសជាច្រើន ដែលកំពុងកើតមានឡើង នៅលើទឹកដីសហរដ្ឋអាមេរិកនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សង្គម យល់ថាជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។
លោក Raymond R. Leos ជាព្រឹទ្ធបុរស និងសាស្ត្រាចារ្យខាងទំនាក់ទំនងនៃមហាវិទ្យាល័យផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឲ្យដឹងថាភាពចម្រូងចម្រាសដែលកំពុងកើតមានឡើងនៅសហរដ្ឋអាមេរិកនាពេលចុងក្រោយនេះ គឺជាមេរៀនល្អមួយសម្រាប់កម្ពុជា និងយុវជនកម្ពុជា។
«ហេតុនេះ យុវជនគួរតែក្រឡេកទៅមើលជ្រុងនៃនីតិរដ្ឋ។ មិនថាបុគ្គលនោះជាអ្នកណា ហើយបុគ្គលនោះមានតួនាទីជាអ្វីនោះទេ គេត្រូវតែអនុវត្តតាមច្បាប់។ ហើយតុលាការក៏ត្រូវសម្រេចចិត្តទៅតាមច្បាប់ដែរ មិនមែនសម្រេចចិត្តទៅតាមនយោបាយនោះទេ»។
លោក Raymond ដែលជាជនជាតិអាមេរិក រស់នៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំនេះ បន្តថា ភាពប្រទាញប្រទង់គ្នារវាងប្រធានាធិបតី និងតុលាការដោយផ្អែកលើមូលដ្ឋានច្បាប់នេះ គឺជាចំណុចខ្លាំងនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។
«មានឧទាហរណ៍ច្រើនណាស់ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលការសម្រេចចិត្តរបស់តុលាការ គឺផ្ទុយទៅនឹងប្រធានាធិបតីនោះ។ ហើយនេះគឺជាចំណុចខ្លាំងមួយនៃប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក»។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Occidental College នៃទីក្រុង Los Angelesសហរដ្ឋអាមេរិក លើកឡើងថា យុវជនកម្ពុជាគួរតែចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ដែលកំពុងកើតមានឡើងនៅសហរដ្ឋអាមេរិក។
រូបឯកសារ៖ លោក អៀ សុផល សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Occidental College នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក ថ្លែងនៅក្នុងវេទិកា Oslo Freedom Forum ឆ្នាំ២០១០។ (រូបថតផ្តល់ឲ្យដោយ អៀ សុផល/Oslo Freedom Forum)
លោកថា យុវជនអាចស្វែងយល់ពីដំណើរការនៃស្ថាប័នកំពូលរបស់សហរដ្ឋអាមេរិក និងភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យដែលមានអាយុកាលជាង២០០ឆ្នាំមកហើយនេះ ដែលបានឆ្លុះបញ្ចាំងថា ពុំមាននរណាម្នាក់មានអំណាចធំជាងច្បាប់នោះទេ បើទោះជាបុគ្គលនោះជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកក៏ដោយ។
លោក ទី លីមកុសល វ័យ២៤ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបច្ចុប្បន្នកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនៅក្នុងចក្រភពអង់គ្លេស កត់សម្គាល់ឃើញថា លោក ដូណាល់ ត្រាំ ពិតជាបានអនុវត្តតាមគោលនយោបាយ ដែលលោកបានប្រកាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពិតមែន។
ក៏ប៉ុន្តែ លោក លីមកុសល យល់ថា សកម្មភាពរបស់ប្រធានាធិបតីថ្មីរូបនេះ បានបង្កចលាចលដល់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចធំនេះទៅវិញ។
«វាហាក់ដូចជា ប្រទេសអាមេរិកខ្លួនឯងដែលជាបិតាប្រជាធិបតេយ្យកំពុងតេស្តទៅលើប្រជាធិបតេយ្យរបស់ខ្លួនឯងតេស្តទៅលើ Check and Balance [តុល្យភាពអំណាច] តើវាពិតជាមានប្រសិទ្ធភាពប៉ុណ្ណា»។
យុវជនកម្ពុជារូបនេះ មានការភ្ញាក់ផ្អើលចំពោះភាពច្របូកច្របល់ដែលកំពុងកើតមានឡើងនៅលើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីការផ្ដួចផ្ដើមគំនិតដ៏នឹកស្មានមិនដល់របស់លោក ដូណាល់ ត្រាំ។
«តែគ្រាន់តែថា អ្វីដែលខ្ញុំឃើញ ហើយសោកស្តាយ ចំពោះរដ្ឋាភិបាលអាមេរិក គឺការដែលគាត់ចេញ Policy ភ្លាមៗ ដែលអត់បានធ្វើការថ្លឹងថ្លែងពីផលប៉ះពាល់ ឲ្យបានស៊ីជម្រៅ។ ចឹងហើយបានយើងឃើញ គ្រាន់តែភ្លាម មានប្រតិកម្មពីសាធារណជនប៉ុណ្ណា ហើយសូម្បីតែខាងប្រព័ន្ធតុលាការរបស់គាត់ខ្លួនឯង ក៏គេអត់គាំទ្រដែរ»។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន (កណ្តាល) ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមក្នុងពិធីរំឭកខួប៣៨ឆ្នាំនៃការដួលរលំរបស់របបខ្មែរក្រហម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគត យល់ថា នៅសហរដ្ឋអាមេរិក មានការធានាតុល្យភាពនៃអំណាចរបស់ស្ថាប័នកំពូលៗទាំង៣ដ៏មានប្រសិទ្ធភាព ដែលមិនអនុញ្ញាតឲ្យស្ថាប័នណាមួយអនុវត្តអំណាចផ្ដាច់ការនៅក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។
«ទោះបីប្រធានាធិបតីមានអំណាចមែន ប៉ុន្តែមិនអាចមានអំណាចលើសពីស្ថាប័ន២ផ្សេងទៀតទេ គឺស្ថាប័នសភា និងតុលាការ។ នៅសហរដ្ឋអាមេរិកគេធានាធ្វើម៉េចឲ្យប្រធានាធិបតីអាចធ្វើការសម្រេចចិត្តបាន ប៉ុន្តែសម្រេចចិត្តណាដែលផ្ទុយពីរដ្ឋធម្មនុញ្ញរបស់គេ ឬផ្ទុយពីច្បាប់ដែលសភាអនុម័ត គឺសភាគេអាចតវ៉ាដកបាន គេអាចចេញច្បាប់រារាំងបាន។ ហើយតុលាការ ក៏អាចធ្វើការសម្រេចបដិសេធការសម្រេចរបស់ប្រធានាធិបតីបាន»។
មួយថ្ងៃក្រោយការចូលកាន់ដំណែងរបស់លោក ដូណាល់ ត្រាំ ស្ត្រីអាមេរិកាំងរាប់ម៉ឺននាក់ដែលមានទាំងតារាហូលីវូដផងនោះ បានធ្វើដំណើរមកពីរដ្ឋនានានៃសហរដ្ឋអាមេរិកប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាមទារឲ្យលោក ដូណាល់ ត្រាំ គោរពស្ត្រី។
លោក អ៊ូ វីរៈ លើកឡើងថា ប្រជាពលរដ្ឋអាមេរិកាំង ជាទូទៅហ៊ានសម្ដែងមតិដោយសារពួកគេមានទំនុកចិត្តទៅលើឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងមន្ត្រីអនុវត្តច្បាប់។
«មន្ត្រីរាជការយើងមិនឯករាជ្យ។ នៅស្រុកគេ មន្ត្រីរាជការមិនអាចចូលបក្ស ឬត្រូវតែឯករាជ្យ ឬមិនអាចធ្វើតាមគណបក្សនយោបាយ។ នៅគេ អ្នកអនុវត្តច្បាប់គឺគាត់មិនលម្អៀង ជាពិសេសគឺតុលាការ។ ដូច្នេះ ម្នាក់ៗគេមិនខ្វល់ទេ គែទុកចិត្តតុលាការ គេទុកចិត្តចិត្តខ្លឹមសារច្បាប់ គេហ៊ាន សម្ដែងមតិ ហើយគេមិនសូវជាបារម្ភទេ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថាការបែងចែកអំណាចដាច់ពីគ្នារវាងស្ថាប័នធំៗនៃសហរដ្ឋអាមេរិក និងការអនុវត្តច្បាប់ជាធំដែលស្របតាមឆន្ទៈរាស្ត្រនេះ គឺជាមូលហេតុដែលប្រទេសនេះ អាចក្លាយជាប្រទេសមហាអំណាច។
លោក យឹម សុវណ្ណ ធ្វើការប្រៀបធៀបការត្រួតពិនិត្យតុល្យភាពអំណាចរវាងសហរដ្ឋអាមេរិក និងកម្ពុជាយ៉ាងដូច្នេះ៖
«ប៉ុន្តែនៅកម្ពុជាយើងមិនអញ្ចឹងទេ។ តុលាការមិនឯករាជ្យ តុលាការក្រោមអ្នកនយោបាយ។ តុលាការ មិនបានកាត់សេចក្តីប្រកបដោយយុត្តិធម៌ទេ ជាពិសេសការងារដែលពាក់ព័ន្ធនឹងបណ្ដឹងនយោបាយ។ ហេតុនេះ វាធ្វើឲ្យកម្ពុជានៅតែដើរទៅមុនមិនរួចដោយសារតែឧបសគ្គនៃកង្វះខាតចំណុចខ្សោយជាច្រើននៃស្ថាប័នប្រជាធិបតេយ្យធំៗ»។
កាលពីខែវិច្ឆិកាកន្លងទៅ ពលរដ្ឋអាមេរិក បានបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ធ្វើជាប្រធានាធិបតីទី៤៥របស់សហអាមេរិក។ មហាសេដ្ឋីអចលនទ្រព្យ លោក ដូណាល់ ត្រាំ រូបនេះ បានចូលកាន់តំណែងជាប្រធានាធិបតី បន្តពីលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២០ ខែមករា។
រូបឯកសារ៖ លោកប្រធានាធិបតី ត្រាំ អមដោយអ្នកស្រី Betsy DeVos រដ្ឋមន្ត្រីក្រសួងអប់រំអាមេរិក ថ្លែងទៅកាន់ឪពុកម្តាយសិស្ស និងគ្រូបង្រៀន នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
បន្ទាប់ពីលោក ដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតី មានបាតុកម្ម និងការតវ៉ាជាច្រើនបានកើតមានឡើងនៅលើទឹកដីសហរដ្ឋអាមេរិក។ អ្នកជំនិត និងអ្នកដែលលោកត្រាំ តែងតាំងឲ្យធ្វើការនៅក្នុងរដ្ឋបាលរបស់លោក ត្រូវបានគេមើលឃើញថាមិនមានបទពិសោធក្នុងការធ្វើការនៅក្នុងសេតវិមាន។
រដ្ឋបាលរបស់លោក ត្រាំ ក៏បានបង្កើតឲ្យមានការសង្ស័យថារដ្ឋបាលនេះ មានទំនាក់ទំនងលួចលាក់ជាមួយប្រទេសរុស្សី ដែលជាគូប្រជែងដ៏មានឥទ្ធិពលរបស់អាមេរិក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ប្រតិកម្មរបស់ពលរដ្ឋ និងតុលាការអាមេរិក ដែលឆ្លើយតបទៅនឹងការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ តាំងពីដើមអាណត្តិនេះ គឺជាព្រឹត្តិការណ៍ចម្លែកមួយនៅសហរដ្ឋអាមេរិក។
«ជារឿងចម្លែកមួយដែលសហរដ្ឋអាមេរិកមានប្រតិកម្មអញ្ចឹង។ ប្រធានាធិបតីខ្លះ កាន់បាន២ ឬ៣ឆ្នាំទើបមានប្រតិកម្ម ហើយប្រជាប្រិយភាពស្រុតចុះ។ ក៏ប៉ុន្តែ ត្រាំ ឡើងភ្លាម មានបញ្ហាភ្លាម។ ចឹងយើងឃើញហើយថា ត្រាំ គាត់ឡើងទៅហាក់ដូចជាបដិវត្តន៍ប្រឆាំងនឹងអ្វីដែលជាដំណើរការ ឬរដ្ឋបាលរបស់សហរដ្ឋអាមេរិក។ យើងឃើញចលនារាប់សន្លឹកឆ្នោតសារជាថ្មី។ យើងឃើញចលនាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ចលនាប្រឆាំងនឹងប្រធានាធិបតីចូលស្បថ»។
យ៉ាងណាក៏ដោយ លោកថា ការអនុវត្តនៅសហរដ្ឋអាមេរិកមិនអាចយកមកប្រៀបធៀបនឹងកម្ពុជា ឬឲ្យកម្ពុជាសិក្សារៀនសូត្រតាមបាននោះទេ ដោយសារប្រទេសទាំង២មានរបបគ្រប់គ្រងដោយឡែកពីគ្នា ពោលគឺកម្ពុជាអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបសភានិយម រីឯសហរដ្ឋអាមេរិកអនុវត្តតាមបែបប្រធានាធិបតីនិយម៕