ពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តក្រុងជាច្រើនក្នុងប្រទេសកម្ពុជាបានប្រារព្ធទិវា«ចងចាំ»ព្រមគ្នា នៅថ្ងៃពុធនេះ ដើម្បីរំឭកឡើងវិញពីរបបវាលពិឃាតខ្មែរក្រហម ដែលបានសម្លាប់ពលរដ្ឋខ្មែរអស់ជិតពីរលាននាក់។
ការរៀបចំពិធីរំឭកខួបអនុស្សាវរីយ៍ដ៏ជូចត់ និងភ័យខ្លាច ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះមានការចូលរួមទាំងពលរដ្ឋកម្ពុជា ដែលបានរស់រានមានជីវិតពីរបបមហាប្រល័យនេះ និងពលរដ្ឋកម្ពុជាដែលពុំបានឆ្លងកាត់របបនេះ។
នៅក្នុងពិធីមួយនៅរាជធានីភ្នំពេញ កម្រងផ្កាហ៊ុំដោយក្រណាត់ពណ៌សខ្មៅ ហើយនឹងធូបទៀន ត្រូវបានគេដាក់ និងអុចនៅពីមុខស្តូបរក្សាធាតុជនរងគ្រោះ នៅក្នុងបរិវេណសារមន្ទីរប្រល័យពូជសាសន៍ជើងឯក។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអុចធូបនៅពីមុខស្តូបជនរងគ្រោះ រួមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀត។ ក្រោយមកតំណាងពលរដ្ឋកម្ពុជា ដែលជានិស្សិត និងពលរដ្ឋសាមញ្ញឡើងថ្លែងទាក់ទងនឹងរបបខ្មែរក្រហម ដែលប្រកបដោយសោកនាដកម្មនេះ និងសុំកុំឱ្យបំភ្លេចអំពើយង់ឃ្នងនេះ។
ការសម្តែងបង្ហាញពីអំពើសាហាវព្រៃផ្សៃរបស់ខ្មែរក្រហមមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់នៅ«ថ្ងៃនៃការចងចាំ និងថ្ងៃរំឭកវិញ្ញាណកន្ខរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម» ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅក្នុងពិធីនោះដែរ ក្រុមសិល្បៈដែលត្រាប់តាមកងទ័ពខោអាវខ្មៅរបស់ពួកខ្មែរក្រហម បានសម្តែង នៅពីមុខស្តូបជនរងគ្រោះក្នុងបរិវេណ សារមន្ទីរប្រល័យពូជសាសន៍ដដែលនេះ។ ក្រុមសិល្បៈសិស្សនិស្សិតនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានលើកយកសកម្មភាពចាប់ប្រជាជនសាមញ្ញ ទាហាន នៃរបប លន់ នល់ និងបញ្ញវ័ន្ត ហើយនឹងពលរដ្ឋជនជាតិ មកសួរចម្លើយ ហើយធ្វើទារុណកម្ម មុននឹងពួកខ្មែរក្រហមយកទៅសម្លាប់ចោល។
កញ្ញា ឡឹម លក្ខិណា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្មបនៅឯសាកលវិទ្យាល័យសុខាភិបាល និងជាតំណាងសិស្សនិស្សិតក្នុងប្រទេសកម្ពុជា បានថ្លែងទៅកាន់អ្នកចូលរួមដែលជាពលរដ្ឋ សិស្សនិស្សិត ព្រះសង្ឃ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាថា៖
«មហាសោកនាដកម្មនៃគុកឥតជញ្ជាំងរយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ បានជំរុញឲ្យអ្នកនិពន្ធទាំងជាតិ និងអន្តរជាតិ ចងក្រងឯកសារ ដើម្បីទុកជាភស្តុតាងដល់យុវជនជំនាន់ក្រោយ ឲ្យបានដឹង និងជ្រួតជ្រាបពីវប្បធម៌ដ៏ខ្មៅងងឹតនេះ»។
កញ្ញា ឡឹមលក្ខិណាបន្តថា៖ «គំនរឆ្អឹងក្នុងស្តូប រណ្តៅសាកសពរួម នៅចំពោះមុខយើងនេះជាសក្ខី ភាពយ៉ាងច្បាស់លាស់ បញ្ជាក់ឲ្យកូនខ្មែរគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយជឿជាក់យ៉ាងមុតមាំថា សម័យខ្មែរក្រហមពិតជាសម័យដ៏ជូចត់ និងបានចារជាប្រវត្តិសាស្រ្តរបស់ប្រជាជាតិយើងទាំងមូល»។
អ្នកស្រី ថាត់ ថុន អាយុ ៦៦ ឆ្នាំ ដែលចូលរួមក្នុងពិធីរាប់បាតបង្សុកូលឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ក្នុងរបបនោះ បានប្រាប់វីអូអេខេមរភាសាថា លោកស្រីបានបាត់បង់ឪពុក និងបងប្អូនបង្កើតពីរនាក់ក្នុងរបបអាវខ្មៅដែលបានជម្លៀសក្រុមគ្រួសារលោកស្រីពីទីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវ ដែលជាស្រុកកំណើតស្វាមីរបស់លោកស្រី។
ជនរងគ្រោះនៃរបបខ្មែរក្រហមបានចូលរួមក្នុងពិធីរំឭកថ្ងៃនៃការចងចាំ និងរំឭកវិញ្ញាណកន្ខរបស់ជនរងគ្រោះនៃរបបខ្មែរក្រហមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅសារៈមន្ទីរប្រល័យពូជសាសន៍ជើងឯក។ (រូបថត៖មជ្ឈមណ្ឌលឯកសាកម្ពុជា)
លោកស្រីរំលឹកថា៖ «អស់បងមួយ ប្អូនមួយ និងឪពុកមួយ។ វានឹកឃើញជំនាន់ហ្នឹងវាជូរចត់ណាស់ក្មួយ»។
ដោយហូបតែបបរពីរពេលក្នុងមួយថ្ងៃ ហើយត្រូវដកស្ទូងពីព្រលឹមទល់ព្រលប់ លោកស្រី ថាត់ ថុន ពុំមានទឹកដោះគ្រប់គ្រាន់សម្រាប់កូនស្រីរបស់គាត់ ហើយកូនស្រីម្នាក់នេះក៏បានស្លាប់បាត់បង់ជីវិត ក្រោយពេលគាត់បានសម្រាលកូនស្រីគាត់រូបនេះ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលមានរយៈពេលជិតបួនឆ្នាំនោះ។
អ្នកស្រីបានមានប្រសាសន៍ថា៖ «ជំនាន់ហ្នឹងរឿងហូបចុកអត់ឲ្យហូបឆ្អែតទេ។ ជំនាន់អ៊ុំហ្នឹងវា គេឲ្យហូបហ្នឹង គេឲ្យវាល់បបរចែកគ្នា។ មួយពេលហ្នឹងគេឲ្យមួយកា អាកាគេដួសហ្នឹង តែដួសមកសុទ្ធតែទឹក»។
អ្នកស្រីបន្ថែមថា៖ «ជំនាន់ហ្នុងកើតតែម្នាក់ [ហើយ]ស្លាប់។ តែស្លាប់ហ្នឹងអត់អីហូប អត់មានទឹកដោះបំបៅ។ យើងមានអ្វីហូបកាលហ្នឹងគេបើកតែអង្ករពោតឲ្យ»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមត្រូវផ្តួលរំលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
បច្ចុប្បន្នមានមេដឹកនាំជាន់ខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួនពីរនាក់កំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២ គឺ នួន ជា អតីតប្រធានសភាខ្មែរក្រហម និង ខៀវ សំផន អតីប្រមុខរដ្ឋ៕