របាយការណ៍ថ្មីមួយបានបង្ហាញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានថយចុះ បើទោះបីជាមានការវិវត្តទៅមុខបន្តិចបន្តួចក្តី។ អ្នកជំនាញ យល់ថា ទស្សនៈវិស័យខាងនយោបាយរបស់កម្ពុជាមិនមានភាពប្រាកដប្រជាទេនាពេលអនាគត។
លទ្ធិប្រជាធិបតេយ្យ
យោងតាមរបាយការណ៍ថ្មីៗរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅថា (COMFREL) ស្តីអំពីលទ្ធិប្រជាធិបតេយ្យ និងភាពមិនប្រក្រតីខាងនយោបាយ ឲ្យដឹងថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានថយចុះ ហើយស្ថានភាពនយោបាយនាពេលអនាគតមិនមានភាពប្រាកដប្រជាទេ។
អស់រយៈពេលជិតមួយឆ្នាំនៃភាពរាំងស្ទះខាងនយោបាយក្រោយការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣មក គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានស្រុះស្រួលគ្នា ហើយបានសន្យាសហការគ្នា ក្នុងការកែទម្រង់ប្រព័ន្ធរដ្ឋាភិបាល ដើម្បីកសាងស្ថាប័នដែលមានសមត្ថភាពខ្លាំង និងមានប្រសិទ្ធភាព។
យ៉ាងណាមិញ ស្ថានភាពក្នុងអំឡុង និងក្រោយពេលការបោះឆ្នោតឆ្នាំ២០១៤បានប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ COMFREL ដែលមានចំណងជើងថា លទិ្ធប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់នៅកម្ពុជា។
លោក គុល បញ្ញា នាយកអង្គការ COMFREL មានប្រសាសន៍ថា៖ «ការវិវត្តន៍ប្រជាធិបតេយ្យក្នុងឆ្នាំ២០១៤នេះឃើញថា មានដំណើរការទៅមានគុណវិបត្តិច្រើន ហើយជួបឧបសគ្គផងដែរ ដែលរារាំងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ។ នេះគឺជាបញ្ហា។ ហើយយើងឃើញសំខាន់ ដែលជាឧបសគ្គរារាំងដល់ដំណើរការប្រជាធិបតេយ្យនោះគឺទាក់ទិននឹងបញ្ហាសេរីភាពបញ្ចេញមតិ ដែលជាមូលដ្ឋានសំខាន់ ហើយនិងសេរីភាពចំហរបស់ប្រជាពលរដ្ឋក្នុងការចូលរួម»។
លោក គុល បញ្ញា បានបន្ថែមថា ការចរចាខាងនយោបាយរបស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានវិវត្តន៍ល្អប្រសើរជាងមុន ដូចជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។ ប៉ុន្តែ លោកមានក្តីព្រួយបារម្ភពីការវិវត្តន៍ខាងនយោបាយក្នុងពេលអនាគត។
លោក បញ្ញា បានលើកឡើងថា៖ «ប៉ុន្តែ ការវិវត្តវិជ្ជមាននេះគឺទាក់ទិនទៅនឹងបញ្ហាការដោះស្រាយវិបត្តិនយោបាយ។ ក៏ប៉ុន្តែ ដំណើរការការវិវត្តន៍ដែលមានការដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតក៏មិនប្រាកដថាដំណើរទៅដោយរលូនដែរ។ វានៅមិនទាន់មានភាពពិតប្រាកដនៅឡើយទេ។ ហើយធាតុពិតវានៅមានកម្រិតគួរឲ្យព្រួយបារម្ភផងដែរ»។
ការរំលោភសិទ្ធិមនុស្ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីកិច្ចប្រជុំនៅមន្ទីរព្រឹទ្ធសភា នឹងឈានដល់ការបញ្ចប់វិបត្តិជាប់គាំងនយោបាយនៅកម្ពុជាពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។ REUTERS/Stringer
របាយការណ៍នេះក៏បានរកឃើញថា ការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រូវបានរឹតបន្តឹង ខណៈដែល «កម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានបន្តប្រើប្រាស់កម្លាំងហួសកម្រិតមកលើបាតុករក្នុងអំឡុងពេលធ្វើបាតុកម្ម»។
កាលពីដើមខែកុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ចូលសមាជិកនៃកងយោធា និងកងសន្តិសុខឲ្យចូលធ្វើជាសមាជិករបស់គណៈកម្មាធិការកណ្តាលរបស់ខ្លួន។ លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានលើកឡើងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍មួយជាមួយ VOA ថា ការធ្វើបែបនេះអាចបង្កឲ្យមាន«ជម្លោះផលប្រយោជន៍ជាតិដ៏ធំមួយ»។
លោក Adams បានបន្ថែមថា ជាទូទៅ ក្រុមអ្នកពង្រឹងច្បាប់តែងតែចាត់ទុកប្រជាពលរដ្ឋដែលអនុវត្តសិទ្ធិមូលដ្ឋានជា«សត្រូវ»របស់ខ្លួន។ លោកបានលើកឡើងថា៖ «ប្រជាពលរដ្ឋទាំងនេះគួរតែទទួលបានការការពារឲ្យដូចគ្នានិងការការពារដែលគណបក្សប្រជាជនកម្ពុជាទទួលបាន នៅពេលមានការដើរដង្ហែក្បួនជាសាធារណៈ។ គឺឲ្យស្មើភាពគ្នា»។
របាយការណ៍របស់ COMFREL នេះ ក៏បានឆ្លុះបង្ហាញថា រដា្ឋភិបាលកម្ពុជាមិនបានចាត់វិធានការដើម្បីឲ្យមាន«ការលើកកម្ពស់សេរីភាពក្នុងការជួបជុំគ្នាជាសាធារណៈ និងសិទ្ធិក្នុងការបញ្ចេញមតិ»ទេ។ ក្នុងពេលបច្ចុប្បន្ននេះ សកម្មជនដីធ្លីចំនួន១១នាក់នៃសហគមន៍បឹងកក់ កំពុងឋិតក្នុងមន្ទីរឃុំឃាំង ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយ៉ាងតិចណាស់រយៈពេលមួយឆ្នាំ ខណៈដែលពួកគាត់បានបិទផ្លូវតវ៉ាឲ្យសាលាក្រុងភ្នំពេញធ្វើអន្តរាគមន៍លើការលិចទឹក និងការការពារមិនឲ្យមានការជម្លៀសទាំងបង្ខំនៅក្នុងសហគមន៍របស់គាត់។
យ៉ាងណាមិញ កាលពីថ្ងៃច័ន្ទ ទី១៣ ខែមេសានេះ គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានស្រុះស្រួលគ្នា ហើយសម្រេចឲ្យមានការដោះលែងសកម្មជនដីធ្លីទាំងអស់នេះ និងសមាជិកគណបក្សប្រឆាំង ក្នុងឱកាសប្រជុំសភាដើម្បីបោះឆ្នោតតែងតាំងសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
អំពើពុករលួយ និងការរំលោភអំណាច
ជាមួយគ្នានេះ COMFREL ក៏បានរកឃើញថា អំពើពុករលួយនៅតែចោទជាបញ្ហាប្រឈមដ៏សំខាន់មួយ ក្នុងការកសាងប្រព័ន្ធរដ្ឋាភិបាលមួយដ៏មានតម្លាភាព និងគណនេយ្យភាព។
សកម្មជនកម្ពុជាស្រែកពាក្សស្លោកក្នុងអំឡុងនៃការដង្ហែទៅកាន់រដ្ឋសភាកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។
សម្រាប់ឆ្នាំ២០១៤ ប្រទេសកម្ពុជាបានជាប់លេខរៀងទី១៥៦ ក្នុងចំណោមប្រទេសចំនួន១៧៥ ដែលមានអំពើពុករលួយខ្លាំងបំផុតនៅក្នុងពិភពលោក។ នេះបើយោងតាមអង្គការតម្លាភាពអន្តរជាតិ ឬហៅថា (Transparency International)។
ប៉ុន្តែ លំដាប់លេខរៀងថ្មីនេះឃើញថា មានការវិវត្តន៍ប្រសើរជាងឆ្នាំ២០១៣ នៅពេលដែលកម្ពុជាជាប់លំដាប់លេខរៀងទី១៦០ ក្នុងចំណោមប្រទេសចំនួន១៧៧។
លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា៖ «ស្ថាប័នដែលពលរដ្ឋខ្មែរ និងស្ថាប័នដទៃទៀតមើលឃើញថាពុករលួយខ្លាំង និងមានប្រព័ន្ធសុច្ចរិតភាពខ្សោយជាងគេនោះ គឺស្ថាប័នតុលាការ ហើយបន្ទាប់មកទៀតគឺស្ថាប័នផ្តល់នូវយុត្តិធម៌ ដែលក្នុងនោះមានស្ថាប័នប៉ូលិស បន្ទាប់មកទៀតគឺស្ថាប័នសាធារណៈដែលផ្តល់សេវាកម្មសាធារណៈ»។
យ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជាក៏មានកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់អំពើពុករលួយនៅតាមស្ថាប័នរដ្ឋ បើទោះបីជាមានការចោទសួរអំពីឯករាជ្យភាពនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយក្តី។ កាលពីខែមករា ឆ្នាំ២០១៥នេះ អង្គភាពទាំងពីរនេះបានប្រកាសថា មន្ត្រីរដ្ឋាភិបាលចំនួន១ម៉ឺន៦៨៣នាក់ ស្មើនឹង៧០ភាគរយបានប្រកាសទ្រព្យសម្បត្តិ និងទ្រព្យអសកម្មរបស់ខ្លួនក្នុងអំឡុងពេលពីរឆ្នាំកន្លងទៅនេះ។
លោក ព្រាប កុល បានមានប្រសាសន៍ថា៖ «ស្ថានភាពអំពើពុករលួយក៏មានការថយចុះមួយកម្រិតដែរ។ មានន័យថា យើងឃើញស្ថានភាពល្អប្រសើរជាងឆ្នាំមុនៗបន្តិច។ ហើយបើយើងក្រឡេកមើលទៅលើទិដ្ឋភាពនៃការប្រព្រឹត្តិ ឥរិយាបថ ចំណាត់ការ ក៏ដូចជាការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាអំពើពុករលួយនេះក៏មានភាពល្អប្រសើរមួយកម្រិតដែរ»។
ការរំលោភអំណាចនៅតែជាបញ្ហាចម្បងមួយដែរ ដោយសារតែមន្ត្រីរដ្ឋាភិបាលភាគច្រើនបំពេញកិច្ចការរបស់ខ្លួន ដែលទំនោរបម្រើផលប្រយោជន៍របស់គណបក្សនយោបាយ ជាជាងប្រយោជន៍សាធារណៈ។ នៅក្នុងរបាយការណ៍ថ្មីមួយស្តីអំពី ភាពមិនប្រក្រតីនយោបាយ៖ ការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ និងពុករលួយទាក់ទិននឹងនយោបាយ ដែលចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៥នេះ អង្គការ COMFREL រកឃើញថា ក្នុងអំឡុងឆ្នាំ២០១៤ «មានករណីនៃភាពមិនប្រក្រតីសំណូកដោយមន្ត្រីសាធារណៈដើម្បីតំណែងចំនួន១៣១ករណី ខណៈដែលករណីពាក់ព័ន្ធនឹងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវមានចំនួន៦០ករណី ហើយករណីពាក់ព័ន្ធនឹងបញ្ហាខ្សែស្រឡាយ សាច់ញាតិនិយមមានចំនួន១៨ករណី»។
លោក ព្រាប កុល យល់ថា បញ្ហាខ្សែស្រឡាយ និងសាច់ញាតិនិយមនេះមិនមានការវិវត្តន៍ប្រសើរជាងមុនទេ។ លោកមានប្រសាសន៍ថា៖ «ទាក់ទងទៅនឹងក្រុមគ្រួសារនិយម សាច់ញាតិនិយម ខ្សែស្រឡាយនេះគឺមិនទាន់មានការប្រែប្រួលទេ។ ក៏ប៉ុន្តែ មានការជជែកគ្នា មានការលើកឡើង មានការបង្ហាញភស្តុតាង ដែលយើងគិតថាជាការចាប់ផ្តើមជជែកពិភាក្សាពីប្រធានបទនៃក្រុមគ្រួសារនិយម សាច់ញាតិនិយមនេះ ដែលយើងឃើញកើតមាននៅក្នុងស្ថាប័នរដ្ឋ ដែលជាបញ្ហាមួយដែលជាហានិភ័យ ឬក៏អាចឈានទៅដល់ការឃុំឃិតប្រព្រឹត្តអំពើពុករលួយ បើសិនជាសាច់ញាតិ ឬក៏ក្រុមគ្រួសារ សមាជិកនៃសាច់ញាតិគាត់ឋិតនៅក្នុងមុខតំណែង ដែលមានឥទ្ធិពលទៅវិញទៅមក ហើយមានទំនាស់ផលប្រយោជន៍»។
កំណែទម្រង់ច្បាប់បោះឆ្នោត
គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានទទួលស្គាល់ថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌គឺជាសមាសធាតុដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស។ ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានកែទម្រង់ច្បាប់បោះឆ្នោតសម្រាប់តំណាងរាស្ត្រសភា ហើយក៏បានកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
លោក សម រង្ស៊ី និងលោក កឹម សុខា ឈរនៅលើរថយន្តមួយដោយដឹកនាំមហាបាតុកម្មមួយនៅក្រុងភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣។
ក្នុងចំណោមបញ្ញត្តិទាំង២៤ដែលត្រូវបានធ្វើវិសោធនកម្មនោះ បញ្ញត្តិចំនួន១៥ត្រូវបានមើលឃើញថាមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែ បញ្ញត្តិចំនួន៩មានសភាពដុនដាបជាងមុន។ នេះបើយោងតាមរបាយការណ៍របស់ COMFREL ស្តីអំពីលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់នៅកម្ពុជា។
បញ្ញត្តិដែលមានលក្ខណៈដុនដាបជាងមុន គឺការរឹតត្បិតលើការឃោសនា និងយុទ្ធនាការបោះឆ្នោត ដែលត្រូវបានអនុញ្ញាតឲ្យធ្វើឡើងក្នុងរយៈពេល២១ថ្ងៃ និងការដាក់កម្រិតលើការដើរដង្ហែក្បួនឃោសនាឲ្យមានរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់ COMFREL ឲ្យដឹងថា «ការរឹតបន្តឹងទាំងអស់នេះនឹងកម្រិតមិនឲ្យមានការប្រកួតប្រជែងដ៏ស្មើភាពគ្នាមួយក្នុងដំណើរការបោះឆ្នោត»។
លោក គុល បញ្ញា បានលើកឡើងថា៖ «ហើយចំពោះច្បាប់បោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ មានបញ្ញត្តិមួយចំនួនហាក់ដូចជាមានការវិវត្តន៍វិជ្ជមាន ជាពិសេស បញ្ញត្តិដែលទាក់ទិននឹងជំពូករឿងចុះឈ្មោះបោះឆ្នោត។ យើងឃើញហាក់ដូចជាមាននិន្នាការធ្វើការកែប្រែប្រព័ន្ធចុះឈ្មោះបោះឆ្នោត ដើម្បីបង្កើតបញ្ជីឈ្មោះបោះឆ្នោតមួយថ្មី»។
លោក បញ្ញា បានបន្ថែមទៀតថា៖ «ក៏ប៉ុន្តែ បញ្ញតិខ្លះមានការធ្លាក់ចុះថយវិញ អំពីបញ្ហាចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល ប្រជាពលរដ្ឋដែលចងជាក្រុម ជាសង្គមស៊ីវិលត្រូវបានហាមឃាត់សិទ្ធិចូលរួមសកម្មក្នុងនយោបាយ ជាពិសេសនៅក្នុងអំឡុងពេលបោះឆ្នោត»។
ជាមួយគ្នានោះ ច្បាប់បោះឆ្នោតថ្មីមិនបានចែងអំពីការធានាឲ្យបាននូវការទទួលយក«លទ្ធផលចាញ់ឆ្នោត» ដោយសន្តិវិធីដោយគណបក្សទាំងពីរទេ។ លោក ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យខាងការសិក្សាអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសកលវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស យល់ឃើញថា ភាពមិនប្រាកដប្រជានៅតែមាន បើទោះបីជាច្បាប់បោះឆ្នោតត្រូវបានកែប្រែក៏ដោយ។
លោក វណ្ណារិទ្ធិ លើកឡើងថា៖ «វាពិបាកធ្វើការសន្និដ្ឋានពិតប្រាកដណាមួយនៅពេលនេះ ដោយសារតែយើងពុំទាន់ឃើញលទ្ធផលនៃការបោះឆ្នោត និងដំណើរការបោះឆ្នោតជាក់ស្តែង»។
លោក ឈាង វណ្ណារិទ្ធិ បានបន្ថែមថា យ៉ាងណាមិញ ការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យមានឯករាជ្យភាពជាងមុន គឺជាជំហានវិជ្ជមានមួយ។
លោកថា៖ «គណៈកម្មាការរៀបចំការបោះឆ្នោតគឺស្ថាប័ននេះមានលក្ខណៈឯករាជ្យ និងអព្យាក្រឹត្យច្រើនជាងមុន ដោយសារតែគណបក្សដ៏ធំទាំងពីរមានតំណាងបួននាក់រៀងៗខ្លួនដែលមានតុល្យភាពក្នុងនោះ ហើយមានសមាជិកឯករាជ្យមួយ»។
កំណែទម្រង់ប្រព័ន្ធតុលាការ
ស្របពេលជាមួយគ្នានេះ របាយការណ៍របស់ COMFREL ក៏រកឃើញថា ប្រព័ន្ធតុលាការនៅកម្ពុជានៅតែរងឥទ្ធិពលគណបក្សនយោបាយដដែល។ យោងតាមរបាយការណ៍នេះឲ្យដឹងថា «ការកែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជាសម្រាប់ឆ្នាំ២០១៤ត្រូវបានរារាំង ដោយសារតែការខ្វះឆន្ទៈនយោបាយ»។
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដើរចេញពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដែលនៅទីនោះលោកបានចូលរួមស្តាប់សវនាការសំណុំរឿងសកម្មជនដីធ្លីនិងព្រះសង្ឈទាំងអស់ចំនួន១៩នាក់ដែលត្រូវបានកាត់ទោសកាលពីខែវិច្ឆិកាឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំ។ (AP Photo/Heng Sinith)
លោក Brad Adams យល់ថា តុលាការរបស់កម្ពុជានៅតែទទួលរង«ឥទ្ធិពលនយោបាយដ៏ខ្លាំង»។ លោក មានប្រសាសន៍ថា៖ «អ្នកដែលត្រូវបានចោទប្រកាន់ដោយគណបក្សប្រជាជនកម្ពុជា ឬដោយរដ្ឋាភិបាលអំពីបទពុករលួយនឹងត្រូវបានកាត់ទោសដោយតុលាការដែលលម្អៀងខាងនយោបាយ»។
លោក កែវ ប៊ុនធា មេធាវីច្បាប់បម្រើប្រយោជន៍សាធារណៈ យល់ថា កំណែទម្រង់ប្រព័ន្ធតុលាការឲ្យមានភាពឯករាជ្យចាំបាច់ទាមទារឲ្យមានតុល្យភាពនៃអំណាចបីសំខាន់ៗ។
លោក ប៊ុនធា មានប្រសាសន៍ថា៖ «អំណាចនីតិបញ្ញត្តិ អំណាចប្រតិបត្តិ និងអំណាចតុលាការត្រូវឲ្យមានភាពឯករាជ្យឲ្យពិតប្រាកដ នោះទើបតុលាការមានឯករាជ្យភាព»។ លោកបានបន្ថែមថា ការពង្រឹងគណនេយ្យភាពក្នុងការបំពេញការងារតាមវិជ្ជាជីវៈក៏ជាការចាំបាច់ផងដែរ។
លោក ប៊ុនធា ថា៖ «ប៉ុន្តែ ឯករាជ្យភាពវាមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវឲ្យមានគណនេយ្យភាពមួយទៀត ពីព្រោះគណនេយ្យភាពនេះអាចធ្វើឲ្យតុលាការមានភាពទទួលខុសត្រូវទៅលើវិជ្ជាជីវៈ ហើយនិងការទទួលខុសត្រូវទៅលើទង្វើរបស់ខ្លួន»។
ក្តីសង្ឃឹមសម្រាប់អនាគត
ក៏ប៉ុន្តែ មានក្តីសង្ឃឹមថា វប្បធម៌នៃការសន្ទនាគ្នារវាងគណបក្សនយោបាយធំៗទាំងពីរនឹងបន្ត ដែលអាចបង្កើតឱកាសវិជ្ជមានក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរដែលប្រសើរជាងមុន ដែលការផ្លាស់ប្តូរនេះអាចនឹងកើតចេញពីការទាមទាររបស់ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងផ្ទាល់។
លោក កែវ ប៊ុនធា យល់ឃើញថា ការផ្លាស់ប្តូរដ៏ល្អប្រសើរអាចនឹងកើតមានឡើងប្រសិនបើមានការផ្លាស់ប្តូរផ្នត់គំនិតរបស់ថ្នាក់ដឹកនាំ។ លោក ប៊ុនធា មានប្រសាសន៍ថា៖ «បើសិនជាការផ្លាស់ប្តូរផ្នត់គំនិតរបស់ថ្នាក់ដឹកនាំឲ្យមានការគិតគូរឲ្យបានទូលំទូលាយទៀត នោះវាអាចមានការរីកចំរើនឡើងវិញ»។
យ៉ាងណាមិញ ការចូលរួម និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនកម្ពុជាទាក់ទងនឹងទិសដៅរបស់ប្រទេសកម្ពុជាក៏ជាការចាំបាច់ផងដែរ៕