គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន ហើយដែលត្រូវបានហាមមិនឱ្យចូលរួមក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ បានចាត់ទុកការតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ថាផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំងនេះ ដែល VOA ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នេះ។
សេចក្ដីថ្លែងការណ៍ដែលសរសេរជាភាសាអង់គ្លេសនេះ បានបញ្ជាក់ថា «ព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចាត់តាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រួចទៅហើយ ទោះបីជាសមាជិកនិងថ្នាក់ដឹកនាំរដ្ឋសភា មិនទាន់បានស្បថចូលកាន់តំណែងនៅឡើយក៏ដោយ»។
សេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិចំពោះការប្រកាសតែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា «ព្រះរាជក្រឹត្យនេះ គួរត្រូវបានចាត់ទុកជាមោឃៈ ដោយសារវាផ្ទុយនឹងវិសោធនកម្មមាត្រា១១៩ នៃរដ្ឋធម្មនុញ្ញកម្ពុជា»។
មាត្រា១១៩ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រ ទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល»។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ តែងតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
គណបក្សសង្គ្រោះជាតិ ក៏បានអះអាងដែរថា ព្រះរាជក្រឹត្យដែលបានចេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នោះ ត្រូវបានធ្វើឡើងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលបានឈ្នះអាសនៈរដ្ឋសភាទាំង១២៥នៅក្នុងការបោះឆ្នោតដែលគណបក្សប្រឆាំងនេះ ហៅថាជាការបោះឆ្នោត«ក្លែងក្លាយ»៕