គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកាលពីថ្ងៃចន្ទ បានធ្វើសន្និសីទបង្ហាញពីផលិតផលក្លែងក្លាយចំនួន៨៨តោន ដែលរឹបអូសបានក្នុងរយៈពេល៣ខែ និងបានបញ្ជាក់ពីមូលហេតុនៃការកើនឡើងនៃផលិតផលក្លែងក្លាយថា ដោយសារកំណើនសេដ្ឋកិច្ច និងកំណើនតម្រូវការទីផ្សារ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ការកើនឡើងនៃការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជាបណ្តាលមកពីការខ្វះខាតការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរប៉ុណ្ណោះ។
មនុស្ស១០នាក់ ត្រូវបានចាប់បញ្ជូនទៅតុលាការ ទំនិញក្លែងក្លាយ និងខុសច្បាប់ជាង៨៨តោន រួមមាន សាច់ប៉ាត់តេ ទឹកសុទ្ធ និងស្រាបៀរ ត្រូវបានរឹបអូសពីក្រុមឈ្មួញនានាក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលបីខែនៃយុទ្ធនាការបង្រាបផលិតផលខុសច្បាប់និងក្លែងក្លាយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
លោក មាជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងក្នុងសន្និសីទស្តីពីការបង្ហាញផលិតផលខុសច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះថា អាជ្ញាធរបានឃាត់ខ្លួនមនុស្ស១០នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ និងខុសច្បាប់ជិត៩០តោន នៅទីតាំងដាច់ដោយឡែកពីគ្នាក្នុងរាជធានីភ្នំពេញ។
លោកបន្ថែមថា ផលិតផលក្លែងក្លាយចំនួន៨៨តោននោះ ត្រូវបានដកហូតក្នុងទីតាំងផលិតសាច់ប៉ាត់តេមិនអនុលោមតាមច្បាប់ ការបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និងករណីនាំចូល ផលិត និងវេចខ្ចប់ខុសច្បាប់លើផលិតផលស្រាបៀរ ទឹកបរិសុទ្ធ និងប៉ាត់តេ ជាដើម។
លោក មាជ សុផាន់ណា (កណ្តាល) ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងនៅក្នុងសន្និសីទកាសែត បង្ហាញពីផលិតផលក្លែងក្លាយចំនួន៨៨តោន ដែលរឹបអូសបានក្នុងរយៈពេល៣ខែ។ (រូបភាពដកស្រង់ពីហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ)
លោក មាជ សុផាន់ណា បន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានការកើនឡើងនូវផលិតផលក្លែងក្លាយ គឺដោយសារតម្រូវការនៃការប្រើប្រាស់មានការកើនឡើង និងស្របពេលដែលកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន។
លោកបញ្ជាក់ថា៖
«ដោយសារប្រទេសយើងរីកចម្រើន សេដ្ឋកិច្ចមានការរីកចម្រើន តម្រូវការក៏ច្រើនដែរ ដើម្បីឲ្យជីវភាពយើងតាមទាន់ហ្នឹងពេលវេលានៃការរីកចម្រើននេះ យើងត្រូវការគ្រឿងឧបភោគ បរិភោគហ្នឹងច្រើនមុខណាស់។ អីចឹងដើម្បីឆ្លើយតបតម្រូវការ ដោយសារការផលិតផលក្នុងស្រុកនៅមានកម្រិត អីចឹងការនាំចូលគឺវាមានច្រើនសព្វគ្រប់សារពើ។ អីចឹងអ្នកដែលឆ្លៀតឱកាស ជនទុច្ចរិត ជនខិលខូចគាត់ចម្លងតាមហើយ»។
លោក មាជ សុផាន់ណា បន្ថែមថា ផលិតផលក្លែងក្លាយបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដូចជារលាកក្រពះ ឬបណ្តាលឲ្យកើតជំងឺមហារីកជាដើម។ លោកថា ផលិតផលក្លែងក្លាយទាំងនេះ នឹងត្រូវកម្ទេចចោលនាពេលខាងមុខ តែលោកមិនបានបញ្ជាក់ថានឹងត្រូវកម្ទេចចោលថ្ងៃណានោះទេ។
កាលពីឆ្នាំ២០១៧ អាជ្ញាធរបានដុតកម្ទេចផលិតផលក្លែងក្លាយរាប់រយតោន ដែលរឹបអូសបានក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ រួមមានថ្នាំពេទ្យ គ្រឿងសម្អាង ភេសជ្ជៈ និងគ្រឿងបរិភោគជាដើម។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA ថាការកើនឡើងនៃការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជាបណ្តាលមកពីការខ្វះខាតការគ្រប់គ្រង និងត្រួតពិនិត្យរបស់អាជ្ញាធរ។
លោកបន្ថែមថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរតែពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ជាជាងលើកឡើងពីមូលហេតុនៃការកើនឡើងផ្នែកសេដ្ឋកិច្ច។
លោកបញ្ជាក់ថា៖
«គេគួរតែបន្ទោសទៅលើចំណុចខ្វះខាត ឬក៏ជាចំណុចខ្សោយនៅក្នុងការត្រួតពិនិត្យទៅលើការដាក់លក់ ឬក៏ចែកចាយនូវផលិតផលក្លែងក្លាយ ជាជាងការទៅអួត លើកតម្កើងរឿងភាពមានបានដែលនាំឲ្យមនុស្សហ្នឹងប្រើប្រាស់ច្រើនលើង ហើយនាំឲ្យមានការលក់ដូរហ្នឹង មានការពាក់ព័ន្ធជាមួយនឹងផលិតផលក្លែងក្លាយអីជាដើម។ ការលើកឡើងហ្នឹង គ្រាន់តែជាការអួត ហើយល្អមើល ហើយអាចថាជាការបិទបាំងនូវចំណុចខ្វះខាតរបស់អ្នកអនុវត្តច្បាប់ប៉ុណ្ណោះ»។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចអំពីទីតាំងផលិត សកម្មភាព ឬផលិតផលក្លែងក្លាយនានា ដែលបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីសមត្ថកិច្ចអាចចាត់វិធានការលើជនល្មើសបានទាន់ពេលផងដែរ៕