សាលាឧទ្ធរណ៍នៅថ្ងៃចន្ទនេះ បានច្រានចោលបណ្ដឹងជំទាស់នឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ ក្នុងការពន្យារពេលឃុំខ្លួនមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីអាដហុក៥រូប ចំនួន៦ខែបន្តទៀត ដោយបញ្ជាក់ថា ទោសរបស់ពួកគេជាបទឧក្រិដ្ឋដែលតម្រូវឲ្យជនជាប់ចោទត្រូវស្ថិតក្នុងការឃុំខ្លួនដើម្បីបន្តការស៊ើបសួរ។
មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុកបួនរូបនិងមន្ត្រី គ.ជ.ប មួយរួប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលជាង៧ខែមកហើយ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរអ្នកទាំង៥ពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី ត្រូវបានសមត្ថកិច្ចបណ្តើរចូលសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុកទាំងបួនរូប ដែលមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ជាប់ចោទពីបទសូកប៉ាន់សាក្សី។ ចំណែក លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប. ជាប់ចោទពីបទសមគំនិតសូកប៉ាន់សាក្សី។
បន្ទាប់ពីមន្ត្រីទាំង៥រូប ត្រូវបានតុលាការសាកសួរ នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ បានឆ្លើយថា មន្ត្រីទាំង៥រូបនេះបង្គាប់ឲ្យនាងនិយាយកុហកទាក់ទងនឹងរឿងអាស្រូវស្នេហាដែលគួរឲ្យមន្ទិលរវាងរូបនាងជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិកាលពីចុងខែមេសាកន្លងមក។
មន្ត្រីទាំង៥រូបបានប្ដឹងជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានី ដែលបានបន្តនីតិវិធីឃុំខ្លួនពួកគេចំនួន៦ខែបន្តទៀតដើម្បីស៊ើបសួរ បន្ទាប់ពីពួកគេត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល៦ខែរួចមក។
លោកស្រី លឹម មុនី មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងបង្គាប់សាក្សីឲ្យកុហកតុលាការ ត្រូវបានសមត្ថកិច្ចបណ្តើរចូលសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកស្រី គា សុផល មេធាវីការពារក្ដីឲ្យមន្ត្រីអាដហុកប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះថា ក្រោយបញ្ចប់សវនាការដែលមានរយៈពេលជិត៣ម៉ោង ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្ដឹងជំទាស់នោះ ដោយលើកឡើងថា ករណីរបស់ពួកគេជាបទឧក្រិដ្ឋដែលជនជាប់ចោទត្រូវស្ថិតក្នុងការឃុំខ្លួនដើម្បីបន្តការស៊ើបសួរ។
ទោះជាយ៉ាងណាលោកស្រីសុំមិនធ្វើអត្ថាធិប្បាយលម្អិត ដោយបញ្ជាក់ថា រង់ចាំពិភាក្សាជាមួយសហមេធាវី និងកូនក្ដីជាបន្តទៀត។
«គេតម្កល់ដីកាសម្រេចពន្យារការឃុំខ្លួនបណ្ដោះរបស់ចៅក្រមស៊ើបហ្នឹង ទុកជាបានការដដែល ដោយសារតែសំណុំរឿងហ្នឹងវាជាសំណុំរឿងបទឧក្រិដ្ឋ ហើយការស៊ើបសួរហ្នឹងអត់ទាន់ពេញលេញ។ បងនឹងពិភាក្សាជាមួយមេធាវីសិន ថាត្រូវធ្វើអីបន្តទៀត ហើយថាការសម្រេចហ្នឹងយ៉ាងម៉េច»។
មន្ត្រីអាដហុកទាំងបួនរូប ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការ និងការប្រកាសសាលដីកាថា ការសម្រេចរបស់សាលាឧទ្ធរណ៍គឺអយុត្តិធម៌សម្រាប់ពួកគេ។
លោក យី សុខសាន មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងបង្គាប់សាក្សីឲ្យកុហកតុលាការ ត្រូវបានសមត្ថកិច្ចបណ្តើរចេញពីសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថាវរិទ្ធ បានទេនៅថ្ងៃចន្ទនេះ។
យោងតាមមាត្រា៦០៥នៃក្រមព្រហ្មទណ្ឌ បទសូកប៉ាន់ជាប្រភេទបទឧក្រិដ្ឋដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
ក្នុងសវនាការកន្លងមក មន្ត្រីសមាគមអាដហុកបានលើកឡើងពីមូលហេតុនៃការផ្ដល់លុយចំនួនជាង២០០ដុល្លារអាមេរិកទៅឲ្យនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ នៅពេលដែលនាងបានស្នើសុំឲ្យសមាគមអាដហុកជួយការពារក្នុងនាមជាជនរងគ្រោះក្នុងពេលកន្លងមក ថាជាការឧបត្ថម្ភជាទូទៅដល់រាល់គ្រប់ជនរងគ្រោះទៅតាមគោលការណ៍របស់សមាគមអាដហុក និងអះអាងថា ការជួយនោះមិនមែនជាការសូកប៉ាន់សាក្សីដូចការចោទប្រកាន់របស់តុលាការនោះទេ។
លោក អំ សំអាត មន្ត្រីផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ ប្រាប់ VOA ថា ការសម្រេចបន្តឃុំខ្លួនលើមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ទាំង៥រូប អាចធ្វើបានក្នុងករណីដែលតុលាការមានហេតុផលត្រឹមត្រូវប៉ុណ្ណោះ។
លោក ណៃ វ៉ង់ដា មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុក ដែលត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធនឹងសំណុំរឿងបង្គាប់សាក្សីឲ្យកុហកតុលាការត្រូវបានសមត្ថកិច្ចបណ្តើរចេញពីសវនាការសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកបន្ថែមថា ករណីដែលតុលាការបន្តឃុំខ្លួនពួកគេទាំង៥រូបដោយមិនមានហេតុផលសមរម្យ គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
«យើងទទួលស្គាល់ថា បទឧក្រិដ្ឋគេអាចឃុំរហូតទៅដល់១៨ខែ បានន័យថា ពន្យារ៦ខែម្តង៦ខែម្តង បញ្ជាក់អំពីហេតុផលត្រឹមត្រូវ ក៏ប៉ុន្តែបើយើងនិយាយអំពីសិទ្ធិសេរីភាពរបស់គាត់គឺវាប៉ះពាល់ធ្ងន់ធ្ងរ។ អាហ្នឹងហើយដែលយើងជាសង្គមស៊ីវិល យើងគ្រាន់ថាចង់ឲ្យតុលាការលោកពិចារណាឲ្យបានច្បាស់លាស់ ព្រោះមិនប៉ះពាល់តែសេរីភាពរបស់គាត់ទេ តែវាប៉ះពាល់ទៅដល់ក្រុមគ្រួសារទាំងមូលដែលគាត់ជាជំហរនៃគ្រួសារ ហើយក៏វាប៉ះពាល់ទៅដល់ថវិកាគ្រួសារ។ ហើយមួយទៀតបើសិនជាមិនមានអីជឿនលឿនទៅមុខ ក៏វាចំណាយទៅថវិកាជាតិសម្រាប់ពួកគាត់ផងដែរ»។
ក្រោយបញ្ចប់សវនាការនោះដែរ មន្ត្រីការពារសិទ្ធិមនុស្សអាដហុកដែលកំពុងជាប់ឃុំមួយរូប លោក ណៃ វ៉ង់ដា បានស្រែកស្នើរដ្ឋាភិបាលឲ្យរក្សាការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាឲ្យនៅដដែល។
លោកបញ្ជាក់ថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាកញ្ចក់ឆ្លុះបញ្ចាំងពីការគោរពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដោយលោកថា ប្រសិនជាកម្ពុជាគ្មានការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នោះនឹងធ្វើឲ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានស្ថានភាពធ្ងន់ធ្ងរ៕