អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយ ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ពិចារណាបើកការស៊ើបអង្កេតសំណុំរឿងចោទប្រកាន់អំពីអំពើពុករលួយពាក់ព័ន្ធនឹងអ្នកនយោបាយខ្មែរ ដោយប្រើស្តង់ដារតែមួយ។
ការលើកឡើងនេះ ធ្វើឡើង ក្រោយពីមានការបែកធ្លាយឯកសារសម្ងាត់ជាង១១លាន៥សែនឯកសារពីក្រុមហ៊ុន Mossack Fonseca នៅប្រទេសប៉ាណាម៉ា ដែលគេហៅថា Panama Papers ដោយឯកសារនេះ បានបង្ហាញឈ្មោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា គឺលោក អង្គ វង្ស វឌ្ឍានា ម្នាក់ដែរ។
Your browser doesn’t support HTML5
Hello VOA៖ អង្គការប្រឆាំងអំពើពុករលួយ ស្នើឲ្យមានការស៊ើបអង្កេតករណី Panama Papers ពាក់ព័ន្ធរដ្ឋមន្ត្រីយុត្តិធម៌
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងកម្មវិធី «Hello VOA» នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសានេះថា ការខកខាន មិនបានគោរពតាមស្តង់ដារដូចគ្នា ក្នុងការស៊ើបអង្កេតនេះ អាចធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿចិត្តទៅលើស្ថាប័នទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។
«សាធារណជន នឹងគិតទៅលើ អង្គភាពប្រឆាំងអំពើពុករលួយ ថាមានស្តង់ដារមិនដូចគ្នា ក្នុងការអនុវត្ត ករណីពុករលួយ ដែលប្រព្រឹត្តដោយអ្នកនយោបាយ»។
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាចូលរួមពិភាក្សាអំពី«តើយុវជនខ្មែរជំនាន់ក្រោយបានឆ្លងជំងឺពុករលួយដែរឬទេ?» នៅក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
អង្គភាពប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតសំណុំរឿងចោទប្រកាន់ពីបទពុករលួយមួយ ពាក់ព័ន្ធនឹង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីខ្លួនទទួលបានពាក្យបណ្ដឹងមួយរបស់យុវជនមួយក្រុម ដែលបានស្នើឲ្យមានការស៊ើបអង្កេតទៅលើអ្នកដឹកនាំបក្សប្រឆាំងរូបនេះ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អង្គភាពរបស់លោក កំពុងពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានតាមឯកសារបែកធ្លាយ Panama Papersនេះហើយ ដើម្បីកំណត់ថាតើត្រូវបើកការស៊ើបអង្កេតដែរឬយ៉ាងណា។
«ព្រោះអានេះ ជាដំណឹង។ អញ្ចឹង យើងក៏ស្វែងរក ស្រាវជ្រាវដំណឹង តើវាពិតប៉ុណ្ណាតើវាទុកចិត្តបានទេ ហើយបើទុកចិត្តបាន តើយើងទៅជួបអ្នកណាទៀត? វាចេះតែរង្កៀកៗទៅ ក្នុងគោលដៅ ដើម្បីអាចឃើញ ការសន្និដ្ឋានមួយ អាចបើកការស៊ើបអង្កេតឬមិនបើក លើបញ្ហាហ្នឹង»។
ទោះជាយ៉ាងនេះក្តី លោក ព្រាប កុល ថ្លែងថាអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតលើករណីពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ដូចគ្នាដែរ ដោយសារតែមានតម្រុយព័ត៌មានដូចដែលឯកសារបែកធ្លាយ បានលាតត្រដាងស្រាប់។
«អង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចនិងសមត្ថកិច្ចក្នុងការធ្វើហើយ ដូច្នេះបើចង់បញ្ជាក់ទៅសាធារណជនថា ធ្វើឲ្យបានតាមស្តង់ដារដូចគ្នា គឺគួរតែពិចារណា ស៊ើបអង្កេតរឿងហ្នឹងដែរ»។
ប៉ុន្តែ លោក ព្រាប កុល ក៏សម្ដែងមន្ទិលដែរ អំពីឆន្ទៈនយោបាយពិតប្រាកដក្នុងការស៊ើបអង្កេតករណីនេះ ដោយសារ អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយរូបនេះ អះអាងថា «ឆន្ទៈនយោបាយនៅស្រុកខ្មែរយើង នៅមានកម្រិត»។
ឯកសារបែកធ្លាយ Panama Papersបង្ហាញពីការលាក់ប្រាក់របស់អ្នកនយោបាយនិងឥស្សរជនល្បីៗជាច្រើននៅតាមគណនេយ្យក្នុងធនាគារក្រៅប្រទេស ដើម្បីគេច មិនបង់ពន្ធនិងប្រឡូកក្នុងសកម្មភាពលាងលុយកង្វក់ជាដើម៕
ចូលមើលព័ត៌មានលម្អិតអំពីឯកសារនេះតាមរយៈ៖ https://panamapapers.icij.org/the_power_players/