ប្រទេសមានប្រព័ន្ធសភានិយមបានបើកឲ្យធ្វើប្រតិបត្តិការគណៈរដ្ឋមន្ត្រីស្រមោល ឬរដ្ឋាភិបាលស្រមោលដើម្បីធ្វើការសិក្សានិងចោទសួរលើគោលនយោបាយសំខាន់ៗដែលបានដាក់ឲ្យអនុវត្តនៅតាមក្រសួងរដ្ឋនីមួយៗ។ នេះបើយោងតាមការពន្យល់ពីក្រុមអ្នកវិភាគផ្នែកនយោបាយ និងសង្គម ដែលបានសិក្សាពីប្រព័ន្ធនៃគណៈរដ្ឋមន្ត្រីស្រមោលនៅប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ការដាក់ឲ្យដំណើរការគណៈរដ្ឋមន្ត្រីស្រមោល បានបើកឱកាសឲ្យក្រុមមន្ត្រីបម្រើក្រសួងរដ្ឋ អាចត្រៀមការឆ្លើយតប ប្រសិនបើក្រុមមន្ត្រីនៃគណៈរដ្ឋមន្ត្រីស្រមោលផ្ដើមការចោទសួរ អំពីដំណើរការអវិជ្ជមាននៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។
ក្រុមអ្នកវិភាគនិយាយថា ទោះបីជាប្រព័ន្ធស្រមោលនេះ បានដំណើរការទៅដោយជោគជ័យនៅក្នុងប្រទេសប្រជាធិបតេយ្យជាច្រើន ក្នុងនោះគឺចក្រភពអង់គ្លេសក្តី ក៏ប្រព័ន្ធនេះពិបាកនឹងយកមកអនុវត្តនៅកម្ពុជា ដែលអ្នកនយោបាយភាគច្រើនមិនទាន់យល់ពីដំណើរការនៃប្រព័ន្ធនេះ។
ពួកគេយល់ឃើញខុសៗគ្នាថា អ្នកនយោបាយខ្មែរអាចផ្តើមសិក្សាលម្អិតពីប្រព័ន្ធស្រមោលនេះ ឬក៏ប្រព័ន្ធមិនអាចត្រូវបានយកមកអនុវត្តន៍តែម្តង ដោយហេតុតែអ្នកនយោបាយខ្មែរមិនអាចផ្លាស់ប្តូរផ្នត់គំនិតភ័យខ្លាចនៃការបាត់បង់អំណាចរបស់ខ្លួន។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានថ្លែងថា ក្រុមអ្នកនយោបាយកម្ពុជាមកពីគណបក្សធំៗក្នុងសភាជាតិ អាចចាប់ផ្តើមពិភាក្សា ស្វែងយល់ពីការរៀបចំឲ្យមានប្រព័ន្ធនេះ ដើម្បីបញ្ចៀសការវាយប្រហារគ្នា ដែលបានអូសបន្លាយរាប់សិបឆ្នាំមកហើយនៅក្នុងនយោបាយខ្មែរ។
លោកនិយាយថា ប្រសិនបើអ្នកនយោបាយខ្មែរ មិនគិតគូឲ្យបានហ្មត់ចត់អំពីតួនាទីនៃគណៈរដ្ឋមន្ត្រីស្រមោលនេះទេ នោះទំនាស់នយោបាយតាមបែបបុគ្គល នឹងមិនអាចរកទីបញ្ចប់បានឡើយ ហើយផ្នត់គំនិតនយោបាយចាស់របស់ពួកគេក៏មិនអាចផ្លាស់ប្តូរបានដែរ។
«ខ្ញុំសោកស្តាយមែនទែន ព្រោះអ្វីអ្នកនយោបាយយើង អត់ព្រមសិក្សាឲ្យបានស៊ីជម្រៅទេ គិតតែហៃអើ គិតតែឈូឆរខ្លាំងពេក ដោយសារអីចឹងទៅ យើងគិតតែឈ្លោះគ្នា»។
លោកថា អ្នកនយោបាយខ្មែរ មិនមានអ្វីដែលត្រូវពិបាកក្នុងការស្វែងយល់ដំណើរការនៃគណៈរដ្ឋមន្ត្រីស្រមោល ដែលអាចជំរុញឲ្យមានការប្រកួតប្រជែងគ្នាស៊ីជម្រៅនៅក្នុងការអនុវត្ត និងពិនិត្យឡើងវិញនៃគោលនយោបាយដែលមិនចំណេញដល់ជាតិ។
«ការប្រកួតប្រជែងបែបរដ្ឋាភិបាលស្រមោលនេះ គឺនៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលធ្វើដូចស្រុកខ្មែរ ដែលមានសភានិយមហ្នឹង គឺគេធ្វើអីចឹង ហើយអីចឹងមានអ្វីពិបាកក្នុងការសិក្សា។ ខ្ញុំមើលទៅមានប្រទេសភាគច្រើនដែលមានគំរូហ្នឹងរួចទៅហើយ។ អីចឹង ខ្ញុំមើលទៅគាត់ព្យាយាមទៀតទៅ យល់ហើយបាទ»។
ឯកសារនានានិយាយពីគណៈរដ្ឋមន្ត្រីស្រមោល ដែលកំពុងដាក់ឲ្យធ្វើប្រតិបត្តិការនៅក្នុងចក្រភពអង់គ្លេស បានពន្យល់ថា គណៈរដ្ឋមន្ត្រីស្រមោល គឺជាក្រុមនៃអ្នកនយោបាយ ចេញពីគណបក្សនយោបាយ ដែលមានចំនួនសមាជិកសភាខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងសភាថ្នាក់ទាបនៃសភាចក្រភពអង់គ្លេស។ វាគឺជាជម្រើសជំនួសមួយសម្រាប់គណៈរដ្ឋមន្ត្រី។
គណៈរដ្ឋមន្ត្រីស្រមោល បានបង្កើតឲ្យមានរដ្ឋមន្ត្រីស្រមោលជាច្រើន។ រដ្ឋមន្ត្រីស្រមោលទាំងអស់នោះ គឺជាអ្នកនយោបាយ ដែលនឹងឡើងធ្វើជារដ្ឋមន្ត្រីផ្លូវការ ដូចជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេសជាដើម ប្រសិនបើគណបក្សរបស់ពួកគេឈ្នះការបោះឆ្នោត។
គណៈរដ្ឋមន្ត្រីស្រមោលដដែលនេះគឺជាផ្នែកមួយរបស់ក្រុមប្រឆាំងនិងដឹកនាំដោយប្រធានក្រុមប្រឆាំង។ប្រធានក្រុមប្រឆាំងនេះ គឺជាអ្នកដឹកនាំគណបក្សនយោបាយដែលមានចំនួនសមាជិកសភាខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងសភាថ្នាក់ទាបនៃសភាចក្រភពអង់គ្លេស។ តាមរយៈការរៀបចំគណៈរដ្ឋមន្ត្រីស្រមោលនេះ គណបក្សប្រឆាំងផ្លូវការ ប្រឹងប្រែងបង្ហាញខ្លួនថា ជារដ្ឋាភិបាលជំនួសកំពុងរង់ចាំ។
លោក ហេង ស្រ៊ាង អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គម
លោក ហេង ស្រ៊ាង អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គម បានប្រាប់ VOA កាលពីថ្ងៃសៅរ៍ថាប្រទេសដែលបើកទូលាយ និងអនុវត្តលទិ្ធប្រជាធិបតេយ្យពេញលេញ បានអនុញ្ញាតឲ្យគណបក្សក្រៅរដ្ឋាភិបាល ឬគណបក្សប្រឆាំងបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីឃ្លំាមើល និងតម្រង់ទិសនៃការធ្វើច្បាប់ និងអនុវត្តគោលនយោបាយឲ្យចំគោលដៅនៃការអភិវឌ្ឍប្រទេស។
ផ្ទុយទៅវិញ លោកថា ប្រទេសកម្ពុជា ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យផងដែរនោះ បែរជាមើលឃើញថា រដ្ឋាភិបាលស្រមោលនេះ គឺជាការគំរាមកំហែងដល់អំណាចរបស់រដ្ឋាភិបាលស្របច្បាប់។ លោកនិយាយថា ជម្លោះនយោបាយនៅកម្ពុជា អាចនឹងកាន់តែមានភាពធ្ងន់ធ្ងរឡើងក្នុងកាលៈទេសៈមានវត្តមានរដ្ឋាភិបាលស្រមោលនេះ។ លោកថ្លែងថា៖
«ធម្មតាគណបក្សប្រឆាំងជាអ្នកធ្វើ។ ដូច្នេះ គណបក្សគ្រប់គ្រងអំណាច តែងតែមានការមិនទុកចិត្តថាតើសភាស្រមោល ឬគណបក្សស្រមោល ឬក៏រដ្ឋាភិបាលស្រមោលហ្នឹងទៅ ប្រមូលអ្នកគាំទ្រហ្នឹងមកផ្ដួលខ្លួនអី អីចឹងទៅណ៎ា ដូចករណីរដ្ឋាភិបាលអីចឹងខ្ញុំស្តាប់ទៅ។ ដូច្នេះ ខ្ញុំគិតថា អាហ្នឹងអាចបង្កឲ្យមានបញ្ហា នយោបាយស្រុកខ្មែរកាន់តែធ្ងន់ទៅទៀត»។
លោក ហេង ស្រ៊ាង ថ្លែងបន្តថា កង្វះវិជ្ជាជីវៈអាជីពជាអ្នកនយោបាយពិតប្រាកដនៅកម្ពុជា នឹងពុំអាចបើកផ្លូវឲ្យប្រទេស អាចយកប្រព័ន្ធស្រមោលនេះ មកអនុវត្តបានទេ ហើយនយោបាយក្នុងប្រទេសដ៏ក្រីក្រនេះនឹងមិនមានអ្វីប្រែប្រួលពីនយោបាយ ដែលអ្នកនយោបាយខ្មែរកំពុងធ្វើសព្វថ្ងៃនោះដែរ។
«ស្រុកយើងនេះ ខ្ញុំស្តាប់មើលទៅហាក់ដូចជា នយោបាយស្រុកខ្មែរយើង ហាក់ដូចជាអត់ អត់ទៅមុខរួចបាទ! ហើយអត់សូវថា តើវាចាស់ទុំ ជាពិសេសវាដូចខ្វះនូវអាជីព ជាអ្នកនយោបាយ ដូច្នេះគឺតែច្បាំងគ្នា ជាលក្ខណៈបុគ្គល ជាបក្ស ហើយដើម្បីគិតថា មុខមាត់បក្សយកឈ្នះចាញ់ទៅវិញទៅមក»។
បើទោះជាមានការបកស្រាយពីលទ្ធភាពនៃការដាក់ឲ្យដំណើរការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងផលប៉ះពាល់នៃប្រព័ន្ធនេះទៅលើនយោបាយខ្មែរក្តី ក្រុមមន្ត្រីនៃគណបក្សប្រជាជនកម្ពុជាអះអាងតែម្យ៉ាងថា ប្រទេសកម្ពុជាពុំមានច្បាប់ចែងពីការបង្កើតគណៈរដ្ឋមន្ត្រីស្រមោល ហើយក៏មិនចាំបាច់អ្វី ដែលតម្រូវឲ្យមានកម្លាំងពីតតាំងគ្នាក្នុងរដ្ឋាភិបាលនោះដែរ។
ជាក់ស្តែង លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១១ ខែសីហា នេះថា ការបង្កើតគណៈរដ្ឋមន្ត្រីណាមួយដើម្បីតាមដានរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា គឺខុសច្បាប់។
«ស្អីក៏ដោយឲ្យតែត្រូវច្បាប់។ កុំឲ្យចេញមកហ្នឹងថាខ្ញុំជាគណៈកម្មការស្រមោលដើម្បីតាមដានរដ្ឋាភិបាលអាហ្នឹងខុសច្បាប់ហើយ»។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បត៌៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
ស្រដៀងគ្នានឹងការអធិប្បាយរបស់លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA កាលពីថ្ងៃសៅរ៍ថា កម្ពុជាមិនចាំបាច់មានប្រព័ន្ធរដ្ឋាភិបាលស្រមោលនោះទេ ទោះជាកម្ពុជាជាប្រទេសអាស្រ័យលើប្រព័ន្ធសភានិយមក្តី។
លោកមានប្រសាសន៍ថា ការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញ ឬក៏តាក់តែងច្បាប់មួយដើម្បីអនុញ្ញាតឲ្យមានប្រព័ន្ធស្រមោលនេះ ក៏មិនអាចទៅរួចដែរ ព្រោះលោកយល់ថា ប្រព័ន្ធនេះនឹងមិនបម្រើប្រយោជន៍ដល់ប្រជារាស្ត្រខ្មែរនោះឡើយ។
«កុំនិយាយទៅដល់ថា រឿងវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬធ្វើច្បាប់មួយដើម្បីបញ្ចូល អាករណីរដ្ឋាភិបាលស្រមោលនេះ អាហ្នឹងវាហាក់ ទៅមិនរួចទេ ខ្ញុំយល់ថា វានាំមានបញ្ហា វាមិនបានបម្រើផលប្រយោជន៍អ្វីដល់ជាតិ ដល់ប្រជាជនទេ វាមានតែពីរឿងបង្កើតកម្លាំងពីរប្រឆាំងគ្នា ហើយមួយស្របច្បាប់ មួយមិនស្របច្បាប់ ទៅម៉េចរួច»។
រូបឯកសារ៖ លោក ជាម ច័ន្ទនី តំណាងរាស្ត្រគណបក្សប្រឆាំងត្រូវមន្ត្រីកងរាជអាវុធហត្ថនាំខ្លួនក្រោយពីត្រូវបានតុលាការយោធានៅភ្នំពេញជំនុំជម្រះកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៥។ លោកត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំពីបទការកេណ្ឌកងទ័ពស្រមោល ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ (AP Photo/Andy Eames)
កាលពីឆ្នាំ២០០៥ លោក ជាម ច័ន្ទនី ត្រូវបានជ្រើសរើសឲ្យទទួលបន្ទុកផ្នែកការពារជាតិ ដោយគណបក្សប្រឆាំង នៅគ្រាដែលគណបក្សនេះប៉ុនប៉ងបង្កើតរដ្ឋាភិបាលស្រមោល។ លោកត្រូវបានចោទប្រកាន់ពីបទនាំបំបះបំបោរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទលោកពីការកេណ្ឌកងទ័ពស្រមោល ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ស្ថិតក្នុងស្ថានភាពនយោបាយដែលកំពុងជួបវិបត្តិបច្ចុប្បន្ននេះ ក្រុមមន្ត្រីនៃគណបក្សប្រឆាំងបានប្រកាសម្តងហើយម្តងទៀតថា គណបក្សរបស់ពួកគេមិនបានត្រៀមបង្កើតរដ្ឋាភិបាលស្រមោលនោះឡើយ ហើយគណៈកម្មការទាំង១០ ដែលត្រូវបានបង្កើតឡើង និងស្រដៀងគ្នានិងគណៈកម្មការរបស់សភានោះ គឺជាយន្តការសិក្សាស្រាវជ្រាវនិងផ្តល់យោបល់សម្រាប់ជួយការងារក្នុងគណបក្ស និងនៅសភាតែប៉ុណ្ណោះ៕